រាជធានី​ភ្នំពេញ៖ ​ក្មេង​ស្រី​អភព្វ​​ម្នាក់​​ឈ្មោះ ​តីតី ​​​ដែល​កើត​​ជំងឺ​​ខួរ​​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ​ ​ហើយ​ឪពុក​របស់​គេ​ជា​​​បុគ្គលិក​​វីតាល់ ​ត្រូវ​​បាន​​លោក​​​​ឧកញ៉ា​ ​ឡាវ​ វ៉ាន់​​ ​នាយក​​គ្រប់គ្រង​​​ក្រុមហ៊ុន​ វីតាល់ ធានា​ចេញ​ថ្លៃ​ព្យាបាល​បញ្ជូន​ទៅ​ព្យាបាល​​បន្ត​ទៀត​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​​​ការ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ មិន​សូវ​ផ្ដល់​ផល​វិជ្ជមាន។​​​​​​

យោង​តាម​ទំព័រ Facebook ​របស់​លោក​​ឧកញ៉ា​ ​ឡាវ​ វ៉ាន់​​ នាយក​​គ្រប់គ្រង​​ក្រុមហ៊ុន​​ NVC​​ Corporation​​ ផលិត​​ទឹក​​បរិសុទ្ធ​​ម៉ាក​​ វីតាល់ ​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ គ្រួសារ​ខ្ញុំ​បន្ទាប់​ពី​សួរ​សុខទុក្ខ​ក្មួយ តីតី ផ្ទាល់​នៅ​គេហដ្ឋាន​របស់​ប្អូន​ ប៊ុណ្ណារ៉ា​ នៅ​ម្តុំ​ទឹក​ថ្លា​ជាមួយ​បុគ្គលិក​វីតាល់​រួច​មក​​ គ្រួសារ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ភ្លាម​ៗ អោយ​បញ្ជូន​ ​តីតី ទៅ​ព្យាបាល​ បន្ត​ទៀត​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​បាន​ដឹង​ថា ការ​ព្យាបាល​នៅ​ប្រទេស​វៀត​ណាម​ មិន​សូវ​ផ្ដល់​ផល​វិជ្ជមាន​ដល់​ស្ថានភាព​ជំងឺ​របស់​ ​តីតី ព្រោះ​គ្រូពេទ្យ​អះអាង​ថា ជំងឺ​ ​តីតី​ បាន​ពាក់ព័ន្ធ​ខ្លាំង​ទៅ​នឹង​ប្រព័ន្ធ​ខួរ​ក្បាល​ដ៏​សាំញ៉ាំ​ពិបាក​ព្យាបាល​ឲ្យ​មាន​ស្ថានភាព​ប្រសើរ​ឡើង​ ហើយ​យើង​និង​ជួយ​ទំនុក​បម្រុង​ថ្លៃ ថ្លៃ​ចំណាយ​ចំពោះ​ការ​ព្យាបាល និង​ចាយ​វាយ​ទាំង​អស់។

ឧកញ៉ា​ ​ឡាវ​ វ៉ាន់ បន្ត​ថា​៖ គោល​បំណង​រួម​គ្រួសារ​ខ្ញុំ និង​ឪពុក​គេ​គឺ​ចង់​ឃើញ ​តី​តី ​ទទួល​បាន​ការ​ព្យាបាល​បាន​កាន់​តែ​ល្អ គ្រួសារ​ខ្ញុំ​ជា​ពិសេស​ឧត្ដម​ភរិយា​ខ្ញុំ​បាន​កំពុង​ជួយ ទំនុកបម្រុង រត់​ឯកសារ​ ធ្វើ​លខិត​ឆ្លង​ដែន​បន្ទាន់ សម្រាប់​ប្អូន គុជ ប៊ុណ្ណារ៉ា និង​ក្រុម​គ្រួសារ ដើម្បី​ឲ្យ​ពួក​គាត់​អាច​យក​ ​តីតី ទៅ​មន្ទីរពេទ្យ​ល្បី​ផ្នែក​ខួរ​ក្បាល​មួយ​ទៀត​ ​នៅ​ប្រទេស​ថៃ​ ពួក​យើង​សង្ឃឹម​ថា​ការ​បន្ត​ការ​ព្យាបាល​នឹង​ ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់​ៗ។សូម​រម្លឹក​ថា ​​កាល​ពី​ពេល​កន្លង​មក ​លោក​ឧកញ៉ា ឌួង ឆាយ ​ក៏​​ធ្លាប់​​បាន​​ប្រកាស​ស្វែង​​​រក​អត្ត​សញ្ញាណ​​​ឪពុក​របស់​កុមារី​រងគ្រោះ​នេះ​​​ផង​ដែរ​ ដែល​បាន​​អះអាង​ថា​ ​ក្មេង​ស្រី​​​រូប​នោះ​​មាន​​​កើត​ជំងឺ​រលាក​ខួរ​ក្បាល​កម្រិត​​ធ្ងន់ ​​ដោយ​​ពិការ​ទាំង​ដៃ​ជើង​ ​និង​​បាន​បាត់បង់​សតិ​​​ទៀត​​ផង​​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -