តារាចម្រៀងល្បីឈ្មោះមួយឆាវៗប្រចាំផលិតកម្ម ថោន លោក ករុណា ពេជ្រ បានធ្វើការរិះគន់ចំៗទៅកាន់ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយដែលពន្យារពេលហោះហើររហូតដល់ទៅជិតបួនម៉ោង ខណៈដែលលោកឪពុករបស់លោកកំពុងមានជំងឺត្រូវការការធ្វើដំណើរទាន់ពេលវេលា ។
លោក ករុណា ពេជ្រ បានធ្វើការរិះគន់ចំៗទៅកាន់ជើងហោះហើរក្នុងស្រុកមួយតាមបណ្ដាញសង្គមឱ្យដឹងថា «លើកទីមួយហើយ ខ្ញុំមិនដែលជិះយន្តហោះក្នុងស្រុកសោះ …. ដោយសារអាណិតប៉ាខ្លាចគាត់ហត់ ពេលជិះឡានហត់ ហើយយូរ ម្យ៉ាងគាត់ឈឺទៀត ទើបសម្រេចចិត្តជិះយន្តហោះ ពីសៀមរាប-ភ្នំពេញ តាមជើងហោះហើរ កម្ពុជាអង្គរអ៊ែរ K6 120 ត្រូវហោះម៉ោង 9:20 pm បែរជាត្រូវពន្យារឡើងជិត 4 ម៉ោង ដល់ ម៉ោង 00:50 am បានហោះ ឥឡូវមើលសភាពប៉ាសម្រាកអាណិតគាត់ខ្លោចចិត្ត ឥឡូវក្រុមហ៊ុនគេ ថាមិនទាន់ទទួលបានដំណឹងថាហោះម៉ោងប៉ុន្មានឱ្យប្រាកដទៀត…ហ៊ឺ…. នេះហើយដែលជាហេតុអាចឱ្យបាត់បង់អតិថិជន ដោយខ្វះជំនឿទុកចិត្ត ….
រង់ចាំពន្យារពេល យូរជាងចាំដូរជើងយន្តហោះទៅ អាមេរិក បារាំង កាណាដា អូស្ត្រាលី ទៀត ឱ… ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរអើយ បើពន្យារពេលយូរយ៉ាងនេះ ខូចឈ្មោះជើងហោះហើរដទៃទៀតអស់ហើយ ដែលគេខំហោះទៀងម៉ោង ទៀងពេលអស់ហើយ …សង្ឃឹមថាមតិរិះគន់រូបខ្ញុំ និង ប៉ារបស់ខ្ញុំនេះ នឹងមិនធ្វើឱ្យក្រុមហ៊ុនបងអន់ចិត្ត និង ខិតខំរិះរកបម្រើសេវាកម្មល្អជូនភ្ញៀវដែលគាំទ្រក្រុមហ៊ុនបន្តទៀត….មិនអាចធ្វើអ្វីបាន ក្រៅពីអង្គុយចាំ ព្រោះស្អែកព្រលឹមមានការងារដែលត្រូវធ្វើទៀត ហើយក៏មិនអាចដូរជើងហោះហើរបានទៀត…អរគុណ…» ។
ក្រោយពីធ្វើការរិះគន់ ក៏ដូចជាព្រួយបារម្ភចំពោះស្ថានភាពជំងឺឪពុករួចមក ក៏មានសាធារណជនជាច្រើន ចូលរួមសួរសុខទុក្ខក៏ដូចជាជូនពរដល់លោកឪពុកតារារូបនេះឱ្យឆាប់មានសុខភាព និង កម្លាំងពលំល្អប្រសើរ ដូចដើមវិញផងដែរ ៕