ខេត្តព្រះវិហារ ៖ ស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញមុខជនសង្ស័យ ចំនួន៤នាក់ ពាក់ព័ន្ធករណី ចាក់ជនជាតិខ្មែរ និងចិន បណ្ដាលឱ្យស្លាប់ និងរបួស នៅមុខហាងខារ៉ាអូខេ ផ្កាយរាត្រី ក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃ ស្រុកឆែប កាលពីយប់ថ្ងៃទី២១ កុម្ភៈ ។
លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ប្រធានការិយាល័យកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្ត ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ថា ជនសង្ស័យ ទាំង៤នាក់នោះ សមត្ថកិច្ចបានឃាត់ខ្លួនភ្លាម ក្រោយពេលចាក់ជនជាតិខ្មែរ និងចិនស្លាប់៣នាក់ និងរងរបួសម្នាក់ ទី១-ឈ្មោះលីវ ណាំង អាយុ២៨ឆ្នាំ ភេទប្រុស ជនជាតិចិន ទី២-ឈ្មោះជូវ ណឹង អាយុ២៩ឆ្នាំ ភេទប្រុស ជនជាតិចិន ទី៣ឈ្មោះ ចាន់ វី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទី៤-ឈ្មោះថាវ យៀវ អាយុ២៥ឆ្នាំ ភេទប្រុស ជនជាតិចិន រងរបួសស្រាល។ ហេតុការណ៍នោះ កើតឡើងពីយប់ ថ្ងៃទី២១ កុម្ភៈ។
លោកកែវ ចំរើន បន្តថា ក្រោយពីស៊ើប អង្កេត និងរឹបអូសបានកាំបិត ដែលលាក់ទុកនៅក្នុងផ្ទះ ជនសង្ស័យឈ្មោះឡូត ឈុនលី រួចបានបញ្ជូនកាំបិតនោះ ទៅធ្វើកោសលវិច័យ នៅវិទ្យាស្ថានបច្ចេកទេស និងវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ ។ ការធ្វើកោសលវិច័យ រកឃើញថា កាំបិតនោះ មានឈាមមនុស្ស ដូច្នេះហើយសមត្ថកិច្ចសន្និដ្ឋានបានថា វាពាក់ព័ន្ធនឹង ករណីចាក់សម្លាប់មនុស្ស ។
លោកកែវ ចំរើន បន្តថា ជនសង្ស័យ ទាំង៤នាក់នោះ នៅតែមិនព្រមសារភាពថា ពួកគេបានប្រពឹត្តទេ បើទោះបីជាវត្ថុតាងបទល្មើស ដែលសមត្ថកិច្ចរឹបអូសបាន នៅក្នុងលំនៅឋាន របស់ពួកគេក៏ដោយ ។
តាមប្រភពព័ត៌មាន នៅក្បែរកន្លែងកើតហេតុ ឱ្យដឹងថា មូលហេតុដែលផ្តើម ឱ្យមានការកាប់ សម្លាប់គ្នានេះ នៅមុនពេលកើតហេតុ បុរសជនជាតិចិន និងខ្មែរ ដែលរងគ្រោះ នាំគ្នាច្រៀង រាំលេង នៅហាងខារ៉ាអូខេ យីហោ «ផ្កាយរាត្រី»។ ពេលនោះក្រុមជនជាតិចិន បានបបួលនារីម្នាក់ បម្រើក្នុងហាងទៅរួមរ័ក ដោយបានព្រមព្រៀងគ្នាក្នុងតម្លៃ៣០ដុល្លារ ។ បុរសជនជាតិចិន បានឱ្យលុយ ក្រដាស១០០ដុល្លារ ទៅនារីនោះ ។ ដោយនាងមិនព្រមអាប់ លុយ៧០ដុល្លារ ទោះបីជាទារ យ៉ាងណាក៏ដោយ ធ្វើឱ្យជនជាតិចិនខឹងខ្លាំង ហើយក៏ប្រតាយប្រតប់គ្នា តែម្តង ។
ជនសង្ស័យ ទាំង៤នាក់ ត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការ តាមនីតិវិធី ៕
- Back to Home »
- ចរចាថ្លៃរួមរ័ក 30$ ឱ្យ100$ អត់អាប់ ផ្ទុះជម្លោះ មុខហាងខារ៉ាអូខេ ស្លាប់៣ ឃាត់ខ្លួន៦នាក់