ភ្នំពេញ៖ តារាសម្តែងកូនកាត់ចិន កញ្ញា គង់ ច័ន្ទស្រីមុំ ថ្មីៗនេះបានទម្លាយថា ខ្លួនកំពុងតែត្រៀម ខ្លួនដឹកដៃ គូស្នេហ៍ លោក កឹម សីហាចូលរោងការ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយពិធីមង្គល ការរបស់នាង គឺនាងបានខិតខំ សម្រឹតសម្រាំងធ្វើឲ្យ កម្មវិធីល្អប្រណិត មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីនេះនាង មានគម្រោងត្រៀមលុយ ប្រហែលជាង១០ម៉ឺនដុល្លារ សម្រាប់ពិធីមង្គលការ របស់ពួកនាងថែមទៀត ។

គូស្នេហ៍អ្នកជំនួញនិងជាអ្នកសិល្បៈ កញ្ញា គង់ ច័ន្ទស្រីមុំ និង លោក កឹម សីហា បន្ទាប់ពីបានបង្កើត ចំណងស្នេហ៍ ជាមួយគ្នាប្រមាណ៩ឆ្នាំ មកពេលនេះគូស្នេហ៍មួយគូនេះ បានសម្រេចចិត្ដដឹកដៃគ្នា ចូលរោងការ តាមប្រពៃណីខ្មែរ នៅថ្ងៃទី១៤ ខែមីនា ខាងមុខនេះហើយ ដោយការរៀបចំកម្មវិធី មង្គលការនេះ ត្រៀមលុយប្រមាណជាង ១០ម៉ឺនដុល្លារ ដោយសម្រឹតសម្រាំង យកការរៀបចំដែល ល្អប្រណិតទាំងភ្នួង ទាំងផ្កា និងការរៀបចំកម្មវិធីផ្សេងៗ សុទ្ធសឹងតែជួល អ្នកជំនាញមកពីប្រទេសថៃ ។

តារាសម្តែងប្រុសស្រីរូបស្អាត មួយគូនេះមានគម្រោង ត្រៀមកម្មវិធីរៀប អាពាហ៍ពិពាហ៍របស់ខ្លួន ធ្វើយ៉ាងណាឲ្យល្អឥតខ្ចោះ លេចធ្លោសមនិងកេរ្តិ៍ ឈ្មោះរបស់ខ្លួន ក្នុងនាមជាអ្នកសិល្បៈ ហើយលើសពីនេះ ពួកគេទាំងពីរនាក់ ក៏មានគម្រោងអញ្ជើញភ្ញៀវ ទាំងអ្នកសិល្បៈ និងក្រៅរង្វង់សិល្បៈ ប្រមាណពី៧០-៨០តុ ។

ដោយមួយរយៈពេល នេះ គូស្នេហ៍វ័យក្មេងមួយគូនេះ មានការមមាញឹកត្រៀម រៀបចំកម្មវិធីមង្គលការ ត្រូវដើរអញ្ជើញភ្ញៀវ រួមជាមួយការចេញទៅថត Pre Wedding នៅខេត្តមណ្ឌលគិរី ទៀតផងនោះ ទើបគេហទំព័រ Looking TODAY មិនទាន់អាចទាក់ទង ទៅម្ចាស់សាម៉ីខ្លួន ដើម្បីសាកសួរ លម្អិតពីពិធីមង្គលការ របស់គេបាន។ ប៉ុន្តែទោះជាយ៉ាងណាយើង ក៏ជូនពរដល់អនាគត គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ ឲ្យមានសុភមង្គលជាមួយគ្នាផងដែរ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -