ភ្នំពេញ៖ តារាកំប្លែងស្រីអ្នកនាង សេន ចិន្តា ហៅនាង អ៊ីត ត្រូវបានគេទម្លាយឲ្យដឹងថា នាងបានសម្រេចចិត្តលែងប្តីកម្រត់កម្រជាគ្រូបង្រៀននោះបាត់ទៅហើយ បន្ទាប់ពីមានរឿងរ៉ាវរកាំរកូសនៅក្នុងគ្រួសារជាច្រើនខែ ។ក្រោយប្រឡូកក្នុងការងារសិល្បៈជាង៥ឆ្នាំនេះ តារាកំប្លែងស្រីសម្តីបាន នាង អ៊ីត ទទួលបានជោគជ័យខ្ពស់គួរកត់សម្គាល់ ហើយនាងក៏ស្ថិតក្នុងចំណោមតារាកំប្លែងដែលមានខ្ទង់ចំណូលខ្ពស់ផងដែរ ។ទោះជាយ៉ាងណា ជីវិតគ្រួសាររបស់នាង មិនទទួលបានសុភមង្គលច្រើននោះទេ ។
កន្លងមកនាងអ៊ីត តែងពោលជាប់ៗមាត់ថា នឹងមិនភ្លេចប្តីភ្លេចកូនឡើយទោះបីនាងបានល្បីល្បាញ និងមានលុយកាក់ហូរហៀរក្តី ។ ប៉ុន្តែដំណឹងចុងក្រោយ ពីអ្នកភូមិត្រាចកុះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកឡើងថា តារាស្រីរូបនេះ បានសម្រេចចិត្តលែងលះស្វាមី ដែលមានបុខរបរជាគ្រួបង្រៀនហើយ ក្រោយពីលេចចេញរឿងរ៉ាវចម្រូងចម្រាសមួយចំនួននៅក្នុងគ្រួសារជាយូរមកហើយ ប៉ុន្តែនាងព្យាយាមលាក់បាំង ។ប្រភបលើកឡើងថា រឿងរ៉ាវដែលនាំឲ្យចំណងស្នេហ៍ជាមួយស្វាមីឈានដល់ផ្លូវទ័ល ក្រោយពីនាង អ៊ីត ទទួលដំណឹងថា ស្វាមីដើរបាត់ពីផ្ទះញឹកញាប់ គ្រានាងចេញទៅសម្តែង ហើយនាងបានដាក់លក្ខខណ្ឌឲ្យស្វាមីបញ្ចប់ការដើរហើរយប់ព្រលប់ច្រើន ដែលធ្វើឲ្យស្វាមីនាងមិនសប្បាយចិត្ត និងបង្កើតជារឿងរ៉ាវចម្រូងចម្រាសកាន់តែខ្លាំង ឈានដល់ការចែកផ្លូវគ្នាតាមផ្លូវច្បាប់ ។
ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ តារាស្រីវ័យ៣២ឆ្នាំរូបនេះ សុំមិនបកស្រាយច្រើនជុំវិញបញ្ហានេះទេ ប៉ុន្តែនាងមិនបានបដិសេធទៅនឹងការលើកឡើងខាងលើដែរ ។ នាងថា “ខ្ញុំសុំមិនបញ្ជាក់អំពីរឿងនេះគឺទុកឲ្យពេលវេលាជាអ្នកបញ្ជាក់ចុះ” ។ នាងថា បើមានឱកាសណាល្អ នាងនឹងលើកឡើងអំពីបញ្ហាគ្រួសារ ។ នាងបញ្ជាក់ដែរថា អ្វីដែលនាងចង់គិតពេលនេះគឺពេលវេលារកប្រាក់ និងការងារសិល្បៈផ្សេងៗ និងមិនចង់រំលឹកអំពីរឿងគ្រួសារដែរ ហើយពេលវេលានឹងជាអ្នកកំណត់ថា រឿងខាងលើនឹងទៅជាយ៉ាងណា ។នាង អ៊ីត បានក្លាយជាអ្នកមេម៉ាយកូនមួយ ដូចគ្នាទៅនឹងតារាកំប្លែងរួមក្រុមរបស់នាងដែរគឺនាង ខ្ញុង ។ ប៉ុន្តែក្រោយលែងប្តី គេសង្កេតឃើញថា រូបសម្ភស្សរបស់នាង អ៊ីត កាន់តែស្រស់ស្អាតច្រើនជាងមុន ដែលគេដឹងថា នាងបានទៅកែកុនផ្នែកសម្ផស្សខ្លះៗ ដែលមិនពិបាកនឹងធ្វើឲ្យនាងរកគូស្នេហ៍ថ្មីបាននោះដែរ ។
ទោះជាយ៉ាងណាក្តី ប្រភពពីអ្នកកៀកកិតស្និទ្ធនឹងនាងលើកឡើងថា នាងមិនចង់ហែកហួររឿងរ៉ាវប្រះស្រាំគ្រួសារកាន់តែធំ ឲ្យមហាជនដឹងតែប៉ុណ្ណោះ ។ប្រភពពីស្រុកកំណើតនាងបានលើកឡើងថា ពេលនេះកូនស្រីតែមួយវ័យ១៣ឆ្នាំនោះ បាននឹងកំពុងរស់នៅជាមួយជីដូនជីតាដែលជាម្តាយឪពុករបស់នាង អ៊ីត ដែលយូរៗម្តង គេបានឃើញនាងទៅជួបមុខកូនម្តង ព្រោះតែនាងជាប់រវល់នឹងការងារសិល្បៈជាច្រើននៅភ្នំពេញ និងខេត្តនានានោះ ។ ចំណងស្នេហ៍នាង ទំនងជាមិនងាយអាចវិលរកស្ថានភាពដើមវិញបានណាស់ ខណៈដែលបណ្តឹងលែងលះត្រូវបានចេញប្រកាសជាស្ថាពរពីតុលាការខេត្តកំពង់ស្ពឺរួចហើយដែរ ៕