រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងមួយឲ្យម្ចាស់ស្ថានីយ៍ទូរទស្សន៍និងវិទ្យុទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស ដោយក្រសួងថាបទចម្រៀងនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យដើមនិង”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។នៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២៤ខែកុម្ភៈ ដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថាបទចម្រៀងច្រៀងដោយអ្នកនាង ពេជ្រ សោភានិងឌីជេដេវីឌ ទាំងខ្លឹមសារនិងរូបភាពនៃការសម្តែងបានប្រាសចាកអំពីអត្ថន័យខ្លឹមសារដើមទាំងស្រុងនៃបទចម្រៀងស្អាតជានិច្ច។
លោកបន្តថាអត្ថន័យដើមនៃបទចម្រៀង”ស្អាតជានិច្ច”បានអប់រំបណ្តុះគំនិតប្រាជ្ញាស្មារតីឲ្យកុមារឧស្សាហ៍ព្យាយាម រស់នៅស្អាតមានអនាម័យគ្រប់ពេលវេលា គ្រប់ទីកន្លែង តែលោកថាបទចម្រៀងថ្មីទាំងអត្ថន័យខឹ្លមសាររ៉េប បង្ហាញពីអត្តចរិករបស់កុមារខ្ជិលច្រអូសម្នាក់ រៀននៅបឋមសិក្សាធ្វើពុតជាឈឺក្បាល វិលមុខ និងក្តៅខ្លួនសុំអ្នកគ្រូទៅផ្ទះគេចសាលាដើរលេង ហើយសិស្សមានអាកប្បកិរយាមិនសមរម្យលេងឈូសស្បែកជើង។ លោករដ្ឋមន្រ្តីបញ្ជាក់ថាបទចម្រៀងនេះ”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។អ្នកនាង ពេជ្រ សោភា ប្រាប់វីអូឌីនៅថ្ងៃពុធនេះថាអ្នកនាងជាអ្នកនិពន្ធនិងបង្ហាញគំនិតនៃការសម្តែងបទចម្រៀងមួយនេះ។ អ្នកនាងបន្តថា អ្នកនាងមិនជំទាស់អ្វីនឹងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននោះទេ តែថាបទចម្រៀងនេះគ្រាន់តែចង់រំឭកពីជីវិតនៅក្មេងដើរលេងឈូសស្បែកជើងប៉ុណ្ណោះ។ អ្នកនាងបញ្ជាក់ថា អ្នកនាងគ្មានបំណងធ្វើប៉ះពាល់ដល់កុមារនោះទេ។ អ្នកនាងមានប្រសាសន៍ថា អ្នកនាងនឹងប្រយ័ត្នប្រយែងចំពោះការនិពន្ធនិងដឹកនាំសម្តែងនៅពេលក្រោយទៀត។
អ្នកដឹកនាំសម្តែងរបស់ផលិតកម្មហង្សមាស លោក អ៊ិន ទីតូ មានប្រសាសន៍ថាលោកមិនទាន់ដឹងពីសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅឡើយទេ ដូច្នេះលោកសុំមិនបញ្ចេញយោល់។វីអូឌីមិនទាន់អាចទាក់ទងអគ្គនាយករងផលិតកម្ម ហង្សមាស លោក អ៊ឹង សុខលីបាននៅឡើយទេ។គួរបញ្ជាក់ថាបទចម្រៀងស្អាតជានិច្ចនេះត្រូវបានផលិតកម្មហងមាសផ្សព្វផ្សាយជាសាធារណៈទាំងពីចុងខែមីនា ឆ្នាំ២០១៥៕
- Back to Home »
- ក្រសួងព័ត៌មានឲ្យឈប់ចាក់ផ្សាយបទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស (មានវីដេអូ)