សិល្បៈ៖ តារាសម្ដែងកញ្ញា ថន តារា ត្រូវជាបងស្រី ថន លក្ខិណា បានបែកពីសង្សារច្រើនឆ្នាំមកហើយ តែការបែកផ្លូវជាមួយគូស្នេហ៍នេះ នាងមិនដែលបង្ហាញប្រាប់ពីដើមទងក្រៅពីប្រាប់ថា រស់នៅមិនចុះសម្រុងនឹងគ្នានោះទេ។
ទើបតែនៅពេលនេះ ខណៈដែលតារាស្រីរូបនេះបង្ហាញឈុតបឺតមាត់ជាមួយលោក អូន ឧស្សាហ៍ ក្នុងរឿងទឹកចិត្តប្រពន្ធ ថន តារា បែរជាប្រាប់ថា រឿងដែលនាងបែកពីគូស្នេហ៍ចាស់ គឺមកពីបុរសរូបនោះ ចូលចិត្តបង្ខំឲ្យនាងបឺតជញ្ជក់មាត់ ហើយនាងមិនចូលចិត្តទើបនាងសម្រេចចិត្តបែកគ្នាតែម្ដង។
រឿងរ៉ាងនេះ ថន តារា បន្តថា ពីមុននាងជានារីម្នាក់ខ្លាចញញើតនឹងការលេងល្បែងស្នេហ៍ ស្រើបស្រាលខ្លាំងណាស់ គឺនាងអៀនតែម្ដង ទោះជាបុរសរូបនោះជាអ្នកដែលនាងស្រឡាញ់ក៏ដោយ ព្រោះការធ្វើដូច្នេះនាងមានអារម្មណ៍ខ្មាសខ្លួនឯង ដូច្នេះហើយនៅពេលសង្សារនាងមុនចូលចិត្តលេងល្បែងស្នេហា ដោយការបឺតជញ្ជក់មាត់គ្នា នាងក៏បានប្រកែករហូតខ្វែងគំនិតគ្នា និងបែកគ្នាតែម្ដងទៅ។
តារាស្រីរូបនេះបន្តទៀតថា ទើបតែមកដល់វ័យនេះ ខណៈដែលនាងចូលប្រឡូកអាជីពសម្ដែង កាន់តែជ្រៅទើបនាងហ៊ានសម្ដែងនូវឈុតឆាកស្នេហាជ្រាលជ្រៅ ព្រោះនាងយល់ថា វ័យរបស់នាងក៏មិនមែនជាយុវវ័យទៀតដែរ ម្លិះហើយគួបផ្សំអ្នកដឹកនាំរឿងជួយជំរុញផងនោះ នាងក៏ហ៊ានសម្ដែងជាមួយលោក អូន ឧស្សាហ៍ នូវឈុតហែលទឹកប្រលែងលេងនឹងរឿងស្នេហា។
ជាមួយគ្នានេះ ពេលឆ្លើយតបនឹងសំណួរថា បើមានគូស្នេហ៍ក្រោយ ហើយបុរសរូបនោះចូលចិត្តលេងល្បែងស្នេហាដូចគូស្នេហ៍មុន តើកញ្ញាគិតយ៉ាងណាដែរ? ថន តារា បានតបថា មកដល់ពេលនេះនាងគិតថា បើសិនជាមានបុរសណាម្នាក់មកស្រឡាញ់នាង ហើយនាងអាចទទួលយកបាន ទោះជាគាត់ចូលចិត្តលេងល្បែងស្នេហាដូចគូស្នេហ៍ចាស់របស់នាងក្តី គឺនាងមិនប្រកាន់ទៀតទេ ព្រោះកាលណោះនាងនៅក្មេងមិនយល់ពីចិត្តបុរសៗ តែនៅពេលនេះនាងមិនទាន់មានគូស្នេហ៍ថ្មីនៅឡើយទេ៕