រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សាលាឧទ្ធរណ៍បានបើកសវនាការជាអសាធារណៈកាត់ទោសអតីតតារាចម្រៀងអូរស្មីប្រចាំផលិតកម្ម ឆ្លងដែន និងរៃមាស ពីបទលក់ដូរមនុស្សដោយមានគោលដៅនិងសញ្ចារកម្ម មានស្ថានទម្ងន់ទោស ពាក់ព័ន្ធនឹងការអូសទាញក្មេងស្រីអាយុ១៤ឆ្នាំ ទៅរួមភេទជាមួយបុរសវ័យចំណាស់។
ទោះបីយ៉ាងណាក្រោយការសួរដេញដោលលោកចៅក្រម ប្លង់ សំណាង បានលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះវិញ។ អតីតតារាចម្រៀងអូរស្មីត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសរយៈពេល៧ឆ្នាំ។ ប៉ុន្តែមិនសុខចិត្តនឹងសេចក្ដីសម្រេចនេះជនជាប់ចោទបានប្តឹងទៅសាលាឧទ្ធរណ៍។
តារាចម្រៀង អូ រស្មី អាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងបុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានត្រូវសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។
ពាក់ព័ន្ធបញ្ហានេះ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ពាក្យបណ្តឹងរបស់អ្នកស្រី តាំង ឆៃមុន្នី អាយុ៥២ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះឈ្មោះ ឆៃហេង លីលី បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង១២និង៣០នាទី កូនស្រីបានចេញពីផ្ទះទៅសាលារៀន។ រហូតដល់ម៉ោង៥និង៥២នាទីល្ងាច កូនស្រីបានទូរស័ព្ទប្រាប់ថា រវល់ទៅយកខ្សែដៃពីតារាចម្រៀង អូ រស្មី នៅសណ្ឋាគារមួយរួចឈ្មោះ អូ រស្មី បានបង្ខំឲ្យដេកក្នុងសណ្ឋាគារនោះមួយយប់។ ពេលឮពាក្យសម្ដីនេះស្ត្រីជាម្តាយបានប្រកែកមិនឲ្យដេកនៅសណ្ឋាគារនោះទេ ស្រាប់តែកូនស្រីចុចបិទទូរស័ព្ទមិនអាចទាក់ទងបានតែម្តង។ លុះស្អែកឡើងឈ្មោះ អូ រស្មី បានយកទូរស័ព្ទដៃរបស់កូនស្រីទូរស័ព្ទប្រាប់ថា កូនស្រីកំពុងដើរលេងនៅកោះពេជ្រ។ ឮដូច្នេះម្តាយមានការសង្ស័យថាឈ្មោះ អូ រស្មី ពិតជាមានបំណងអូសទាញកូនស្រីឲ្យប្រព្រឹត្តអំពើអ្វីមួយមិនខានទើបដាក់ពាក្យបណ្តឹងប្តឹងទៅសមត្ថកិច្ចតែម្តង។
នៅកន្លែងសមត្ថកិច្ចក្មេងស្រីរងគ្រោះបានរៀបរាប់ថានាងត្រូវបានឈ្មោះ អូ រស្មី នាំជិះរថយន្តទៅហូបសាច់គោអាំង នៅក្បែរសណ្ឋាគារអង្គរ ក្នុងសង្កាត់ផ្សារកណ្ដាល។ ពេលហូបសាច់គោអាំងក៏មានបុរសម្នាក់វ័យជាង៥០ឆ្នាំ ក្បាលទំពែក បានមកជួបឈ្មោះ អូ រស្មី ពេលនោះឈ្មោះ អូ រស្មី បាននិយាយប្រាប់នាងថា “បុរសក្បាលទំពែកនេះជា ចាងហ្វាងផលិតកម្ម បើចង់ល្បីឈ្មោះទាល់តែព្រមទៅដេកជាមួយនឹងគាត់ នេះទើបអាចជួយឲ្យក្លាយជាតារា និងជាអ្នកចម្រៀងដ៏ល្បីបាន តែហាមមិនឲ្យប្រាប់រឿងនេះដល់ម្ដាយជាដាច់ខាត”។
ក្មេងស្រីរងគ្រោះបានរៀបរាប់បន្ថែមថា បន្ទាប់ពីហូបសាច់គោអាំង រួចហើយនាង អូ រស្មី បានដឹករូបនាងត្រឡប់ទៅផ្ទះគាត់វិញហើយទូរស័ព្ទហៅបុរសក្បាលទំពែក មកដេករួមភេទជាមួយនាងតាំងពីយប់ថ្ងៃទី១៥ និងទី១៦ ខែមករា ជាច្រើនលើកច្រើនសា ហើយនៅថ្ងៃទី១៧មករា ឈ្មោះ អូ រស្មី បានបើកឡានទម្លាក់ជនរងគ្រោះនៅម្តុំប៊ូឌីញរួចជនរងគ្រោះជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញ៕
- Back to Home »
- កាត់ទោស តារានៅក្នុងផលិតកម្ម ឆ្លងដែន និង ផលិតកម្មរ៉ៃមាស ពីបទលួងលោមនារីស្អាតៗ យកទៅអោយតាតា