ភ្នំពេញ ៖ លោកសំ ហ៊ិន អាយុ៤៨ឆ្នាំ រស់នៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានមកដកពាក្យបណ្ដឹងនៅប៉ុស្តិ៍ជ្រោយចង្វារវិញ បន្ទាប់ពីគាត់បានមកប្ដឹងសមត្ថកិច្ចកាលពីថ្ងៃទី២៣ ខែកុម្ភៈ ក្នុងករណីបាត់កូនស្រីម្នាក់អាយុ១៩ឆ្នាំ ដោយសារមានយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ពង្រត់យកទៅបាត់។
ការមកដកពាក្យបណ្តឹងឈប់ប្តឹងដេញដោលនេះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ គឺបន្ទាប់ពីគាត់រកកូនស្រីរបស់គាត់ឃើញវិញ ដោយសារតែនាងមានស្នេហាជាមួយយុវជនម្នាក់ ហើយពង្រត់គ្នាទៅផ្ទះបងខាងប្រុសនៅឯស្រុកមុខកំពូល ខេត្តកណ្ដាល ហើយចាស់ទុំទាំងសងខាងបានព្រមព្រៀងគ្នា និងផ្សំផ្គុំឲ្យបានគ្នាជាគូទៅអនាគត ដោយឪពុកម្ដាយខាងប្រុសសន្យាថារង់ចាំ២ឆ្នាំទៀតនឹងចូលស្ដីដណ្ដឹងរៀបការឲ្យពួកគេទាំង២នាក់។
លោកសំ ហ៊ិន ត្រូវជាឪពុក និងអ្នកស្រីកែវណាវី ត្រូវជាម្ដាយ សព្វថ្ងៃ មានទីលំនៅក្រុមទី៧ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រីឯកូនស្រី ឈ្មោះ សម ស្រីពេជ្រ អាយុ១៩ឆ្នាំ។ ចំណែកតួប្រុស លោកសំ ហ៊ិន និយាយថា មិនស្គាល់ឈ្មោះទេ តែគេរស់នៅម្ដុំស្ពានទី១៣ភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល។
លោកសំ ហ៊ិន បានប្រាប់ភ្នាក់ងារកម្ពុជាថ្មីថា បន្ទាប់ពីបាត់កូនស្រីជាទីស្រឡាញ់របស់គាត់ ក្រុមគ្រួសារទាំងមូលមានការភ័យព្រួយបារម្ភយ៉ាងខ្លាំង ហើយបានដើររកគ្រប់ច្រកល្ហក តែមិនឃើញ ពោលគឺបាត់កាលពីវេលាម៉ោង២០យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយពុំដឹងមូលហេតុ។ ក្រោយមក ក៏ឮដំណឹងថាកូនស្រីរបស់គាត់បានទៅជាមួយសង្សារ ដែលស្រឡាញ់តាមរយៈហ្វេសប៊ុក ដេកនៅផ្ទះបងថ្លៃនៅឯភូមិ តាកុយ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោកពូសំ ហ៊ិន បានបន្តថា ដោយសារតែកូនៗស្រឡាញ់គ្នា អាណាព្យាបាលទាំងសងខាងក៏មិនចង់បំបែកបំបាក់ពួកគេដែរ ហើយបានផ្សំផ្គុំពួកគេទាំង២ឲ្យក្លាយជាប្ដីប្រពន្ធតាមអ្វី ដែលគេចង់បាន ដោយសន្យា២ឆ្នាំទៀតនឹងចូលរោងការហើយ។
យ៉ាងណាក៏ដោយការរង់ចាំ ដោយអន្ទះសារយៈពេល២ឆ្នាំយូរណាស់ ហើយបើតាមអ្វីដែលឪពុកម្ដាយខាងប្រុសសន្យាវាមិនថ្វីទេ ប៉ុន្តែ២ឆ្នាំអ្វីៗក៏អាចប្រែប្រួលដែរ៕
- Back to Home »
- បាត់កូន៣ថ្ងៃរកឃើញកំពុងនៅជាមួយសង្សារ ហៅមកវិញសន្យាផ្សំផ្គុំជាគូ