សិល្បៈ៖ ព័ត៌មានតារាកំប្លែង ស្រីអុីត លែងប្ដីគ្រូបង្រៀនបានកើតឡើងមានរយៈពេលច្រើនខែមកហើយ ប៉ុន្តែព័ត៌មានជាក់លាក់នាងលែងប្ដីនេះ បណ្ដាលមកពីរឿងអ្វីនោះ តារាស្រីរូបនេះមិនទាន់បានចេញមុខបញ្ជាក់នៅឡើយទេ សូម្បីតែនាយក្រួចជាបងប្រុសរបស់នាង ក៏មិនដែលនិយាយដែរ ទើបតែនៅពេលនេះប៉ុណ្ណោះ ដែលអ្នកនាង សេន ចិន្តា ហៅស្រីអុីត បានចេញមុខទទួលស្គាល់ថា នាងបានលែងប្ដីពិតមែន គឺនាងបានផ្ដិតមេដៃតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ មកម្ល៉េះ។
ពាក់ព័ន្ធនឹងរឿងលែងប្ដីនេះ ស្រីអុីត បានប្រាប់ថា គ្រួសារនាងកើតរឿងរកាំរកូសច្រើនខែមកហើយ ដើមទងនៃរឿងរ៉ាវនេះគឺកើតចេញពីការរស់នៅមិនចុះសម្រុងនឹងគ្នា ព្រោះប្ដីនាងថា នាងមិនសូវទៅផ្ទះ ចំណុចនេះនាងពិតជាទទួលស្គាល់ គឺក្នុងមួយខែនាងទៅផ្ទះជួបជុំគ្រួសារតែពីរ ឬបីលើកទេ ចំណុចនេះដូចបងប្អូនឃើញស្រាប់ហើយដែរ គឺនាងជាប់រវល់ការងារច្រើនគ្មានពេលសម្រាកទេ ម្យ៉ាងទៀតនាងយល់ថា ទាន់ខ្លួននៅក្មេងអាចរកលុយបានចេះតែខំរកលុយសិន ដើម្បីអនាគតគ្រួសារ ហើយបញ្ហានេះនាងបាននិយាយឱ្យប្ដីមករស់នៅភ្នំពេញជុំគ្នាដែរ ប៉ុន្តែគាត់មិនមក ហើយចោទប្រកាន់នាងមិនគិតប្ដី និងកូន រហូតថានាងមានប្រុសទៅវិញ។
ស្រីអុីត បន្តថា ដោយសាររឿងនេះប្តីនាងគាត់បែរជាទៅមានស្រីដើរផឹកស៊ីជាមួយមិត្តភ័ក្ដិចោលកូន ចោលផ្ទះ និងឪពុកម្ដាយនាង រហូតដល់ម៉ោង២ម៉ោង៣យប់ស្ទើររាល់យប់ ហើយទម្លាប់នេះទោះជានាងនិយាយឱ្យគាត់បោះបង់ជាច្រើនលើក គាត់នៅតែមិនធ្វើតាម ចំណុចនេះហើយដែលនាងគិតខ្លីថា សុខចិត្តលែងលះគ្នា ព្រោះកូន និងម្ដាយឪពុកនាងចាស់ជរាគ្មានអ្នកមើលថែដូចនាងគ្មានប្ដីដដែលហ្នឹង។
ស្រីអុីត បន្តថា នាងបានរៀបការមានរយៈពេល១៣ឆ្នាំមកហើយ គឺនាងមានកូនស្រីតែម្នាក់ទេ ហើយចំណងប្តីប្រពន្ធនាង ក៏មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ដែរ ដូច្នេះហើយការលែងលះប្តីប្រពន្ធនាងធ្វើត្រឹមសាលាឃុំមិនបានឡើងដល់តុលាការទេ ហើយការបែកបាក់នេះ ក៏មិនអាចជានាគ្នាវិញដែរ ព្រោះពេលនេះក៏មានព័ត៌មានថាអតីតប្ដីនាងជិតរៀបការប្រពន្ធថ្មីដែរហើយ៕
- Back to Home »
- មកដល់ពេលនេះទើប ស្រីអ៊ីត ចេញមុខទម្លាយមូលហេតុលែងប្ដីគ្រូបង្រៀន