កាលពីព្រឹកថ្ងៃទី ១៧ មីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព របស់ឯកឧត្តម សាបូ អូចាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពីទិវា«មួយម៉ោងសម្រាប់ភពផែនដី»។ ក្នុងនោះដែរ លោក ឈិត សំអាត ប្រធាអង្គការមូលនិធិសកលសម្រាប់ធនធានធម្មជាតិ (WWF) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នេះដែរថា ទិវា «មួយម៉ោងសម្រាប់ភពផែនដី» នេះប្រារព្ធឡើង ដើម្បីផ្តល់ការយល់ដឹងអំពីសារៈសំខាន់នៃចូលរួមចំណែកនៃបុគ្គលម្នាក់ៗ ក្នុងកិច្ចការពារបរិស្ថាន និងសារៈសំខាន់នៃការប្រើប្រាស់អគ្គិសនី និងថាមពលកកើតឡើងវិញ ដើម្បីរួមចំណែកក្នុងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
លោកក៍បានបញ្ជាក់ផងដែរថា សំរាប់កម្ពុជា វាជាលើកទី៤ហើយ ដែលយើងប្រារព្ធទិវានេះ ដោយម្តងនេះយើងធ្វើនៅក្នុង បរិវេណសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នាថ្ងៃទី ១៩ មីនាខាងមុខនេះ ដោយធ្វើការ បិទភ្លើងរយៈពេល ១ម៉ោង ចាប់ពីម៉ោង ៨ និង ៣០នាទី ដល់ម៉ោង ៩ និង ៣០នាទីយប់ ព្រមជាមួយនឹងការសម្តែងសិល្បៈ ដែលមានការចូលរួមពី កញ្ញា មាស សុខសោភា និងលោក ប៊ុត សីហាផងដែរ។ ជាថ្មីម្តងទៀត លោក ឈិត សំអាត ប្រធាអង្គការមូលនិធិសកលសម្រាប់ធនធានធម្មជាតិ (WWF) រំពឹងថាសាធារណៈជន និងស្ថាប័នរដ្ឋព្រមទាំងឯកជនទាំងអស់ ចូលរួមបិទភ្លើងរយៈពេលមួយម៉ោង ដើម្បីចូលរួមចំណែកក្នុងការ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ក៍ដូចជា កិច្ចគាំពារ បរិស្ថាន ក្នុងប្រទេសកម្ពុជាយើងផងដែរ៕
- Back to Home »
- បិទភ្លើងមួយម៉ោង ដើម្បីភពផែនដី កាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី ១៩ មីនា