រាជធានីភ្នំពេញ : ប្រព័ន្ធដឹកអ្នកដំណើរតាមផ្លូវដែករបស់ប្រទេសកម្ពុជា ពីភ្នំពេញទៅខេត្តព្រះសីហនុនឹងចាប់ដំណើរការឡើងវិញនៅដើមខែមេសា ឆ្នាំ២០១៦។ រថភ្លើងដឹកអ្នកដំណើរនេះ បើកឲ្យដំណើរការបន្ទាប់ពីដេកលក់ជាងមួយទសវត្សរ៍។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Royal Railways ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា សេវាដឹកជញ្ជូននេះនឹងចាប់ដឹកអ្នកដំណើរនៅថ្ងៃទី៩ ខែមេសា ដោយចេញដំណើរពីស្ថានីយរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តឆ្នេរសមុទ្រព្រះសីហនុនៅម៉ោង៧ព្រឹក។
លោក ទិត្យ សំអឿន ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Royal Railways កាលពីថ្ងៃអង្គារបានប្រាប់ឲ្យដឹងថា ការចេញដំណើរនឹងអនុវត្តនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រើរថភ្លើងចំនួនពីរខ្សែ។ រថភ្លើងមួយខ្សែផ្ទុកអ្នកដំណើរចន្លោះពី១៣០ ទៅ ១៦៥នាក់។
លោកថ្លែងថា «យើងមានរថភ្លើងចំនួនពីរខ្សែ ដោយមួយខ្សែចេញដំណើរពីស្ថានីយរាជធានីភ្នំពេញនៅម៉ោង៧ព្រឹក និងមួយខ្សែទៀតចេញដំណើរពីស្ថានីយខេត្ត ព្រះសីហនុ នៅម៉ោង៧ព្រឹកដូចគ្នា»។ បុគ្គលិករូបនេះបានឲ្យដឹងទៀតថា ក្នុងដំណាក់កាលដំបូងនឹងរត់ដល់ថ្ងៃចូលឆ្នាំខ្មែរ បន្ទាប់មកក្រុមហ៊ុននឹងរកវិធីសាស្ត្រដឹកជញ្ជូនរបស់ខ្លួនថែមទៀត។ ក្រុមហ៊ុន Royal Railways ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសម្បទានវិនិយោគរយៈពេល៣០ឆ្នាំ ក្នុងការធ្វើប្រតិបត្តិការបណ្តាញផ្លូវរថភ្លើងនៅប្រទេសកម្ពុជា។ ខ្សែដឹកអ្នកដំណើរដំបូងពីភ្នំពេញ-ខេត្តព្រះសីហនុនេះ ស្ថិតនៅលើចម្ងាយផ្លូវ២៦៦គីឡូម៉ែត្រ ធ្វើឡើងបន្ទាប់រត់សាកល្បងកាលពីខែមករាកន្លងទៅ។
លោក ទិត្យ សំអឿន ប្រាប់ថា «យើងមិនទាន់ច្បាស់លាស់ពីតម្លៃសំបុត្រសម្រាប់អ្នកដំណើរម្នាក់នោះទេ ប៉ុន្តែជាជំហានដំបូង គឺយើងគ្រោង៧ដុល្លារអាមេរិក។ អ្នកធ្វើ ដំណើរតាមមធ្យោបាយនេះនឹងទទួលបាននូវទេសភាពដ៏ស្រស់ត្រកាលជាមួយនឹងការធានាសុវត្ថិភាពជារថយន្ត។ រថភ្លើងអាចរត់ក្នុងល្បឿនមធ្យមចន្លោះពី៣០ ទៅ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយគ្នា នេះយើងក៏មានស្ថានីយរង់ចាំនៅខេត្តតាកែវ និងកំពត សម្រាប់អ្នកដំណើរ»។
លោកបញ្ជាក់ថា ក្រុមហ៊ុនស្វាគមន៍រាល់អ្នកដំណើរទាំងអស់ដោយមិនចាំបាច់ តែក្រុមទេសចរ ដែលមានគ្នាច្រើន នោះទេ សូម្បីតែជា លក្ខណៈឯកជន ឬ គ្រួសារ ក៏ទទួលដែរ។ ចំពោះសំណួរទាក់ទងនឹងការយកថ្លៃសំបុត្រចំពោះកុមារក្រោមអាយុ១០ឆ្នាំ លោក ទិត្យ សំអឿន មិនទាន់ប្រាកដនោះទេដោយខាង ក្រុមហ៊ុនកំពុងពិចារណា។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ការបើកដំណើរការឡើងវិញនេះ គឺផ្តោត សំខាន់លើភ្ញៀវទេសចរដែលចូលចិត្តទេសភាពធម្មជាតិស្រស់ស្អាតតាមបណ្តាខេត្តនានាពីភ្នំពេញទៅដល់ខេត្តជាប់មាត់ សមុទ្រព្រមទាំងការកាត់បន្ថយការកកស្ទះ ចរាចរតាមផ្លូវជាតិទៀតផង។ បច្ចុប្បន្ននៅកម្ពុជាមានផ្លូវរថភ្លើងចំនួន២ខ្សែ ដោយខ្សែ ទី១ ឆ្ពោះទៅទិសនិរតីទិសពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុប្រវែង ២៦៦គីឡូម៉ែត្រ ដែលស្ថាបនា និងជួសជុលរួចរាល់សម្រេច ជាស្ថាពរ និងបាននឹងកំពុងដឹកជញ្ជូន ទំនិញសំខាន់ៗដូចជា៖ ប្រេងឥន្ធនៈ គ្រឿងសំណង់ អង្ករ ពោត ដំឡូង…។ ចំណែក ខ្សែទី២ ឆ្ពោះទៅទិសពាយព្យពីភ្នំពេញទៅ កាន់ប៉ោយប៉ែតមានប្រវែង៣៨៦គីឡូម៉ែត្រ ដែលបាននឹងកំពុងស្ថាបនា និងជួសជុល ឡើងវិញមិនទាន់រួចរាល់។
បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង ថា ទឹកប្រាក់ដែលយកមកស្តារឡើងវិញនូវផ្លូវដែកកម្ពុជាមានទឹកប្រាក់សរុបចំនួន១៤១,៦លានដុល្លារអាមេរិក ក្នុងនោះកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ចំនួន៨៤ លានដុល្លារអាម៉េរិក ជំនួយឥតសំណងពីរដ្ឋាភិបាលអូស្ត្រាលីមានចំនួន២១,៥លានដុល្លារអាមេរិក អង្គការOFIDចំនួន១៣លានដុល្លារអាមេរិក, រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីចំនួន២,៨លានដុល្លារអាមេរិក ដោយផ្តល់ជាដែករ៉ៃ, និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានចំនួន២០,៣លានដុល្លារអាមេរិក។
រាជរដ្ឋាភិបាលរំពឹងថា មធ្យោបាយដឹកជញ្ជូននេះ នឹងនាំមកនូវផលចំណេញជា ច្រើន ដោយវាជាច្រកនៃរបៀងសេដ្ឋកិច្ចដ៏សំខាន់មានទំនិញដូចជា៖ ស្រូវ អង្ករ ពោត ដំឡូង គ្រឿងសំណង់ ជាដើម ដែលលំហូរ ចេញចូលរវាងច្រកភាគនិរតី និងភាគពាយព្យ នៃរាជធានីភ្នំពេញ៕
- Back to Home »
- ដើមខែមេសា រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុនឹងចាប់ដំណើរការឡើងវិញ