តារាម៉ូដែលស្រីអាយុ 17 ឆ្នាំ សញ្ជាតិរុស្ស៊ីម្នាក់ដែលមានឈ្មោះថា Stefania Dubrovina ត្រូវបានគេរាយការណ៍ថាបានស្លាប់កាលពីថ្ងៃទី 24 កុម្ភៈនៅក្នុងផ្ទះល្វែងរបស់បុរសអាយុ 42 ឆ្នាំម្នាក់នៅផ្លូវ Petersburg នៃទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ដោយភ្នែករបស់នាងត្រូវបានឃាតកខ្វេះចេញ ត្រចៀកត្រូវបានកាត់ផ្ដាច់ និងដងខ្លួនត្រូវមានស្នាមរបួសជាច្រើនកាំបិត។
បើតាមការចុះផ្សាយរបស់ Dailymail កាលពីម្សិលមិញបានឲ្យដឹងថា ឃាតកដែលបានសម្លាប់តារាម៉ូដែលម្នាក់នេះគឺជាបងស្រីបង្កើតរបស់នាងតែម្ដងដែលមានឈ្មោះថា Elizaveta Dubrovina អាយុ 19 ឆ្នាំ។
Elizaveta គឺជាបងស្រីម្នាក់ដែលតែងតែច្រណែនជាមួយនឹងប្អូនស្រីរបស់ខ្លួន ហើយមិត្តភ័ក្ដិរបស់ជនរងគ្រោះក៏បានឲ្យដឹងផងដែរថា នាងពេលខ្លះដូចជាមនុស្សឆ្កួតអញ្ចឹង ដោយនាងក៏ធ្លាប់ទទួលការព្យាបាលនៅគ្លីនិកវិកលចរិតផងដែរ។
បើតាមរបាយការណ៍ដែលផ្ដល់ដោយប៉ូលិសបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ពួកគេទាំង ៣ នាក់ដែលមាន Stefania , Elizaveta និងបុរសអាយុ 42 ឆ្នាំជាម្ចាស់ផ្ទះ បានផឹកស៊ីជុំគ្នានៅកន្លែងកើតហេតុ ដោយមានសភាពស្រវឹងជោកជាំ ហើយបុរសដែលជាម្ចាស់ផ្ទះក៏បានចេញទៅខាងក្រៅដើម្បីទិញគ្រឿងក្លែម និងស្រាបន្ថែម។ បន្ទាប់ពីបុរសនោះដើរចេញហើយបិទទ្វារ Elizaveta ក៏បានប្រើប្រាស់កូនកាំបិតសម្លាប់ប្អូនស្រីរបស់ខ្លួនតែម្ដង ដោយបានខ្វេះភ្នែក កាត់ត្រចៀក និងអារទៅលើដងខ្លួនជាច្រើនកាំបិត។
ចំណែកឯលោកស្រី Ekaterina Dubrovina ដែលជាម្ដាយមីងរបស់ពួកគេទាំង ២ បានហៅការស្លាប់របស់ Stefania ថា “សោកនាដកម្មគួរឱ្យរន្ធត់”។ លោកស្រីបានបន្តថា ពួកគេទាំង ២ នាក់បងប្អូនបានទទួលរងនូវសុបិនដ៏អាក្រក់កាលពីវ័យកុមារភាពរបស់ពួកគេ៕