ព្រះវិហារ ៖ បុរសម្នាក់ លោតពីលើម៉ូតូភ្លាមៗ បណ្តាលអោយរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មួយ បានកើតទ្បើងដោយសារមានរថយន្តកាមរីស្វិត១ គ្រឿងបុកម៉ូតូជនរងគ្រោះពេញទំហឹង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី០១ មិនា ២០១៦ នៅតាមដងផ្លូវក្រួសក្រហម ទៅកាន់ច្រកទ្វារ អានសេះ ស្ថិតនៅចំណុចទួលឆៃរ៉ុង ភូមិឃុំ ស្រុកជាំក្សាន្តខេត្តព្រះវិហារ រីឯរថយន្តបង្កត្រូវបានតៃកុងទុកចោលនៅទីនោះ។
ប្រជាពលរដ្ឋ បានអោយដឹងថា រថយន្តបង្កម៉ាកតូយ៉ូតាកាមរីស្វិតស៊េរី១៩៩១ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២B៧៣៩៤ បើកបរយ៉ាងលឿន ទៅបុកម៉ូតូកញ្ចាស់១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅបណ្តាលអោយដាច់កង់ខាងមុខ និងរងការខូចខាតស្ទើរទាំងស្រុង។រីឯអ្នកបើកម៉ូតូភ័យស្លន់ស្លោ ហើយបានលោតចេញពីម៉ូតូរបស់ខ្លួន ដើម្បីគេចពីរថយន្តបុកស្លាប់ទាំងខ្លួន មិនបានពាក់មួកសុវត្ថិភាព។ជនរងគ្រោះសំណាងល្អរួចផុតពីសេចក្តីស្លាប់ដោយគ្រាន់តែរងរបួសស្រាល។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា ភាគីម្ចាស់រថយន្តបង្កនិងភាគីជនរងគ្រោះកំពុងធ្វើការដោះស្រាយសំណងជាមួយគ្នាដោយសន្តិវិធី។នៅពេលមានគ្រោះថ្នាក់ចរាចរណ៍នេះកើតទ្បើងមិនឃើញមានសមត្ថកិច្ចណាម្នាក់ចុះទៅពិនិត្យមើលបានទាន់ពេលវេលានោះទេ។
ប៉េអិមម្នាក់ នៅស្រុកជាំក្សាន្ត បាននិយាយថា គាត់មិនបានដឹងពីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូខាងលើនោះទេ រីឯលោកសក្ដិ៥ តាំង ហាក់ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បាននិយាយជាប់រវល់ហើយបានបិទទូរស័ព្ទ។ទាំងជនរងគ្រោះ និងតៃកុងរថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទ្បើយដោយសារសមត្ថកិច្ចនគរបាលចរាចរមិនចង់សហការជាមួយអ្នកសារព័ត៌មាន៕
- Back to Home »
- បុរសម្នាក់ ពេលដឹងថា រថយន្តបើកលឿន មកបុក លោតពីលើម៉ូតូ រងរបួស