ខេត្តកំពត ៖ បុរសចំណាស់ម្នាក់ ដោយគ្រាន់ត្រូវប្រពន្ធមិនឱ្យទៅហូបការ ក៏យកក្រម៉ាចងភ្ជាប់នឹងធ្នឹមផ្ទះបាយចង.កសម្លាប់ខ្លួនស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ មីនា ២០១៦ ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ មូលហេតុដែលប្រពន្ធហាមមិនឱ្យទៅ គឺខ្លាចគាត់ផឹកស្រាស្រវឹងខ្លាំង ហើយបើកបរត្រឡប់មកផ្ទះវិញជួបគ្រោះថ្នាក់ ។
ប្រភពឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះរ័ត្ន រ៉ាឌូ អាយុ៦៣ឆ្នាំ ។ ចំណែកស្ត្រីឈ្មោះហ៊ុល គឹមហេង អាយុ៥០ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ នៅក្បាលព្រលប់នោះ ប្តី (ជនរងគ្រោះ)បាននិយាយថា ស្អែកនេះខ្ញុំទៅហូបការគេ ឯងមិនបាច់ទៅទេ ។ គាត់ក៏និយាយតបវិញថា ខ្ញុំមិនចង់ឱ្យឯងទៅទេបើទៅម្នាក់ឯងចឹងនោះ ព្រោះឯងហូបស្រាច្រើន មិនគិតពីសុខភាព និងសុវត្ថិភាពទេ ដូច្នេះ កុំទៅហូបអី ។ គ្រាន់តែនិយាយគ្នាប៉ុណ្ណឹង គាត់មិនដឹងថាប្តីខឹង និងអន់ចិត្តជាមួយគាត់ដល់ថ្នាក់ហ្នឹងទេ ។
ប្រភពបន្តទៀតថា ក្រោយពីនិយាយគ្នាចប់ គាត់ក៏ចូលដេកក្នុងបន្ទប់ រីឯប្តីគាត់សំរាកនៅក្រៅបន្ទប់ផ្ទះ ស្រាប់តែនៅម៉ោងខាងលើ ក្មេងប្រុសម្នាក់ ដែលដេកក្នុងកញ្ចុះក្រៅផ្ទះឮសូរសំឡេងធ្លាក់ប្រាវនៅផ្ទះបាយ ព្រមទាំងឮសំឡេងថ្ងូរមួយហ៊ឹស ក្មេងនោះក៏ស្រែកដាស់គាត់ ដែលកំពុងដេកក្នុងបន្ទប់ដើរទៅផ្ទះបាយ ឃើញប្តីចង.កស្លាប់ទៅហើយ ។ ដោយរូបគាត់ខ្លាចមិនហ៊ានទៅជិតទេរ ត់ចេញក្រៅផ្ទះ ទៅប្រាប់អ្នកជិតខាង និងលោកមេភូមិឱ្យមកជួយកាត់ខ្សែចំណងក្រម៉ានោះចេញ ប៉ុន្តែប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។