សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ហៅកាត់ថា កូរ៉េខាងជើង បានចេញសេចក្ដីប្រកាសមួយស្ដីពីគ្រោះទុរភិក្ស ដែលប្រទេសនេះរៀបនឹងប្រឈមមុខក្នុងពេលដ៏ខ្លីខាងមុខ ដោយសារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយថា យើងនឹងត្រូវបរិភោគឫសរុក្ខជាតិធ្វើជាអាហារជាថ្មីម្ដងទៀត។សារព័ត៌មានរដ្ឋនោះបានប្រកាសប្រាប់ប្រជាជនកូរ៉េខាងជើងគ្រប់រូប ឲ្យត្រៀមខ្លួនរួចជាស្រេចចំពោះគ្រោះទុរភិក្សដែលនឹងមកដល់ក្នុងពេលដ៏ឆាប់ខាងមុខ ដោយគេប្រើពាក្យថា Arduous March ជាពាក្យដែលគេប្រើសម្រាប់ហៅគ្រោះទុរភិក្សកាលពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ តែចំពោះគ្រោះទុរភិក្សលើកនេះ គេមិនទាន់បានបញ្ជាក់នៅឡើយទេ ពីពេលវេលារបស់វា ។
អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានប្រកាសថា ទោះបីជាគេត្រូវអត់ឃ្លានដល់ស្លាប់ក៏ដោយ ក៏ប្រជាជនកូរ៉េខាងជើងមិនបន្ទោសរដ្ឋាភិបាល និងមេដឹកនាំកំពូលរបស់ប្រទេសនេះដែរ ដោយមានពាក្យថា ទោះជាយើងអស់សង្ឃឹមនឹងជីវិតខ្លួនឯងក្ដី ក៏នៅតែបង្ហាញពីភាពស្មោះត្រង់ និងភក្ដីភាពចំពោះមេដឹកនាំ Kim Jong-un រហូតដល់យើងអស់ជីវិតដែរ ។ក្នុងកំឡុងឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ កូរ៉េខាងជើងធ្លាប់ស្គាល់គ្រោះទុរភិក្សដ៏ធ្ងន់ធ្ងរម្ដងហើយ ដោយវាបានសម្លាប់ប្រជាជនប្រទេសនេះអស់ដល់ទៅ៣.៥លាននាក់ ក្នុងចំណោមប្រជាជនសរុប២២លាននាក់ ដែលកាលនោះរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយលោក Kim Il-sung និងលោក Kim Jong-il ។លុះមកដល់សម័យកាលរបស់លោក Kim Jong-un វិញ គ្រោះទុរភិក្សដដែលនេះត្រូវបានគេប្រកាសថា នឹងត្រលប់មកជាថ្មី ។ គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងតម្រូវឲ្យប្រជាជនម្នាក់ៗ ផ្ដល់អង្ករ០.៩ក្រាមក្នុងមួយខែៗ ៕
- Back to Home »
- កូរ៉េខាងជើងប្រកាសឲ្យប្រជាជនខ្លួនត្រៀមបរិភោគឫសរុក្ខជាតិ ព្រោះគ្រោះទុរភិក្សជិតមកដល់