​​    សិល្បៈ​៖ ​តារា​ចម្រៀង​លោក ម៉ៅ ហាជី ​ទើប​តែ​ស្ងប់​ព័ត៌មាន​អាស្រូវ​បន្ទាប់​ពី​ផលិតកម្ម ហង្សមាស ​ដោះលែង​ឱ្យ​មក​ចូល​ផលិតកម្ម ថោន ​បាន​រយៈ​ពេល​ប្រមាណ​ជា​ជិត​ពីរ​ខែ​នេះ​ទេ​ ហើយ​ស្រាប់​តែ​នៅ​ពេល​នេះ​ មាន​ប្រភព​ព័ត៌មាន​ពី​អ្នក​សិល្បៈ​​ធ្លាប់​ជួយ​យកអាសា​ពេល ម៉ៅ ហាជី ​ប្រលង ​និង​ក្រោយ​ប្រលង​កម្ម​វិធី Cambodia idol​ ម្នាក់​បាន​បង្ហើប​ថា ​តារា​ចម្រៀង​លោក ម៉ៅ ហាជី ​បាន​លែងលះ​ប្រពន្ធ​ឈ្មោះ ​ស្រីមុំ ​ដែល​ធ្លាប់​តស៊ូ​ជា​អ្នក​ចម្រៀង​អក​កេះ​ជា​មួយ​គ្នា ​ដោយ​មិន​ស្ដាយ​ស្រណោះ​អនុស្សាវរីយ​ជួរ​ចត់ និង​អាណិត​កូន​ប្រុស​ម្នាក់​មាន​វ័យ​ប្រមាណ​៥​ឆ្នាំ​នោះ​ទេ​។

ប្រភព​ដដែល​​បន្ត​ថា ​លោក ម៉ៅ ហាជី ​បាន​លែង​ប្រពន្ធ​ឈ្មោះ ​ស្រីមុំ ​ដែល​ជា​អ្នក​ចម្រៀង​តាម​ខេត្ត​មាន​រូប​សម្រស់​មិន​សូវ​ស្អាត​ម្នាក់​នេះ ​មាន​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ ​ប៉ុន្តែ​សម្រាប់​ព័ត៌មាន​លម្អិត​តារា​ចម្រៀង​រូប​នេះ​លែង​ប្រពន្ធ​ ដោយ​មូលហេតុ​អ្វី​នោះ ​គេ​មិន​ហ៊ាន​បញ្ជាក់​ច្បាស់​ទេ ​ដោយ​គ្រាន់​តែ​ឮ​អ្នក​ស្រុក​និយាយ​ថា ​នៅ​ពេល​លោក ​ម៉ៅហាជី ​ល្បី​ទៅ​មាន​នារី​ថ្មី​មាន​រូប​សម្រស់ ​និង​ទ្រព្យ​សម្បត្តិ​ស្តុក ​ជួយ​ជ្រោមជ្រែង ​ដូច្នេះ​ហើយ​ទើប​គេ​ជិន​ណាយ​ប្រពន្ធ​ដើម​។

ទាក់ទង​ព័ត៌មាន​ ​ម៉ៅ ហាជី ​លែង​ប្រពន្ធ​ក្រោយ​ពី​ល្បី​ឈ្មោះ​នេះ​ Kqube.net ​ក៏​បាន​ទាក់ទង​ទៅ​លោក​តាម​ទូរស័ព្ទ​សុំ​ការ​បញ្ជាក់​ផង​ដែរ ​ប៉ុន្តែ​ទូរស័ព្ទ​តារា​រូប​នេះ​មិន​ទាន់​ទាក់​ទងបាន ​ហើយ​នៅ​ពេលនេះ គេហទំព័រ​យើង​ខ្ញុំ​ក៏​កំពុង​រង់ចាំ​ការ​ឆ្លើយ​ពី​លោក​មក​វិញ​ផង​ដែរ ​ដើម្បី​បញ្ជាក់​លើ​ព័ត៌មាន​នេះ​ឱ្យ​បាន​ច្បាស់​ ជៀសវាង​ការ​បំប៉ោង​ព័ត៌មាន​បន្ថែម​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -