ទោះបីជាមានការងាររវល់ ក៏ពិតមែន តែតារាសម្តែងរូបស្រស់ ដែលមានទម្រង់មុខកូនកាត់ ប៊ីរីយ៉ា បានចំណាយពេលវេលារបស់ខ្លួនដើម្បីរៀបចំពិធីខួបកំណើតគម្រប់អាយុមួយខួបអោយកូនស្រីរបស់ខ្លួន នៅល្ងាចនេះ ។
កាលពីប៉ុន្មានថ្ងៃមុននេះ ប៊ីរីយ៉ា បានអញ្ជើញភ្ញៀវ ដែលជាមិត្តភក្តិរួមអាជីព ស្និទ្ធស្នាលចូលរួមនៅ ក្នុងពិធីខួបកំណើតកូនស្រីដំបូងរបស់ខ្លួន គម្រប់អាយុមួយឆ្នាំ។ពិធីខួបកំណើតនេះ គ្រោង នឹងរៀបចំធ្វើនៅភោជនីយដ្ឋាន V Friend ដែលមានទីតាំងនៅជិតផ្សារដេប៉ូ ។ បើតាមការរៀបរាប់របស់តារាម្នាក់ ដែលត្រូវបាន ប៊ីរីយ៉ា អញ្ជើញចូលរួមក្នុងពិធីខួបកំណើតកូនស្រីរបស់នាងដែរនោះ បាននិយាយថា ពិធីខួបកំណើតកូនស្រីរបស់ ប៊ីរីយ៉ា ដែលគ្រោង និង រៀបចំនៅល្ងាចនេះ មានលក្ខណៈធំដុំគួរសម ហើយក្នុងនោះក៏មានអ្នកសិល្បៈចូលរួមមួយចំនួនដែរ ។ Labia ជាឈ្មោះរបស់កូនស្រី ប៊ីរីយ៉ា នាងមានមុខមាត់ស្រស់ស្អាតកាត់ទៅរកឳពុក ច្រើនជាង ម្តាយ ។ ជាពិសេសមានសម្បុរសស្អាតគួរអោយស្រលាញ់ ។ ចុងក្រោយនេះ ប៊ីរីយ៉ា បានបង្ហាញវត្តមានកូនស្រី តាមរយៈការបង្ហោះរូបថតនៅក្នុងទំព័រហ្វេសប៊ុករបស់នាង ។
គេនៅចាំបានថា ក្រោយពីសម្រាលកូន ប៊ីរីយ៉ា ហាក់បិទបាំងមិនចង់ឱ្យគេឃើញមុខកូនស្រីរបស់ខ្លួន នោះឡើយ ។ កាលណោះ នាងបានអះអាងថា មិនចង់បង្ហាញ ដោយសារកូនស្រីរបស់នាងកើតមិនគ្រប់ខែ (៧ខែ) ទើបមានសុខភាពមិនសូវមាំទាំដូចទារកដទៃ ។ ទោះបីក្លាយជាម្តាយរបស់គេក៏ពិតមែន តែ ប៊ីរីយ៉ា នៅតែ មានរូបសម្រស់ស្រស់ស្អាតជាពិសេសរូបរាងតូចស្លីមរបស់នាង ។ មហាជនមួយចំនួនស្ទើរមិនដឹងថា ប៊ីរីយ៉ា មានកូននោះទេ ។ អ្វីដែលកត់សំគាល់នោះ ប៊ិរីយ៉ា នៅតែមានទីផ្សារការងារដូចមុន ។ ថ្មីៗនេះនាងបាន បង្ហាញ មុខនៅក្នុង ស្ថានីយទូរទស្សន៍បាយ័នក្នុងនាមជាពិធីការិនីក្នុងកម្មវិធីសម្ជស្សនិងស្ប៉ត ពាណិជ្ជកម្ម នានា ផងដែរ ៕