​​​​​   ខេត្ត​កណ្ដាល៖ ​​​បុរស​ម្នាក់​​បាន​បើក​​​បរ​រថយន្ត​​១​គ្រឿង​​ទាំង​កល់​កំណល់ ​​បណ្ដាលឲ្យ​កោស​​ដាច់​កៅស៊ូ​ខូច​​ខាត​​ស្ពាន​អ្នកលឿង​ទៀត​ហើយ ​​​​ប្រហែល​៣៥​ម៉ែត្រ​ កាល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៧​និង​៣៥​នាទី​ល្ងាច​៕

រថយន្ត​ធុន​ធំ​​បង្ក​ឲ្យ​ខូចខាត​ស្ពាន​ខាង​លើ​​ ​មាន​ម៉ាក​ហ៊ី​យ៉ាន​ដាយ ពាក់​ស្លាក​លេខ កំពង់ចាម 3A0264 ដឹក​ត្រី​ចំនួន​ប្រហែល​១០​តោន ​បើក​បរ​ដោយ​​ឈ្មោះ ហេង ប៊ុនថង ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥ រស់នៅ​ភូមិ​បាទី​ ឃុំ​ពាមរក៍ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង​។

យោង​តាម​ប្រភព​ពី​​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​​ថា នៅ​លើ​ស្ពាន​ត្សឹបាសា​ កាល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៧​និង​៣៥​នាទី មាន​រថយន្ត​១​គ្រឿងបើក​ដាច់​កៅស៊ូក្រាល​ថ្នល់​ដុំ​ៗ ប្រវែង​ប្រហែល​៣៥​ម៉ែត្រ ចំណែក​រថយន្ត​និង​អ្នក​បើកបរ​បាន​ឃាត់​យក​មក​អធិការ នគរបាល​ស្រុក​លើកដែក ​រង់ចាំ​ចាត់ការ​តាម​នីតិវិធី​។
​​​សមត្ថកិច្ច​បញ្ជាក់​ថា ការ​​ខូចខាត​នេះ គឺ​បណ្ដាលមក​ពី​កំណល់​រថយន្ត​​ជាប់​ចន្លោះ​កង់​ក្រោយ​ ពេល​​គេ​កល់​ហើយ​អ្នក​បើកបរ​បើក​ទាំង​ជាប់​កំណល់ ទើប​ធ្វើ​ឲ្យ​កំណល់​កាប់​ដាច់​កៅស៊ូ​ក្រាល​លើ​ស្ពាន ប្រហែល​៣៥​ម៉ែត្រ​​ដូច​នេះ​។

​សូម​រម្លឹក​ថា ​កាល​ពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២​ កុម្ភៈ​ ឆ្នាំ​ ២០១៦ កន្លង​​​មក​​ ស្ពាន​អ្នក​លឿង (ស្ពាន​ស៊ូ​បា​សា) បាន​រង​ការ​ខូចខាត​​ម្ដង​រួច​ទៅ​ហើយ ​ដោយសារ​​តែ​​​រថយន្ត​យីឌុប​ដឹក​អង្ករ​ជាង​៧០​តោន​លើស​ចំណុះ​​មួយ​គ្រឿង បើកបរ​ឆ្លង​កាត់​ហើយ​ឡើង​ស្ពានមិន​រួច​ ​ក៏​រអិល​ថយ​ក្រោយ​វិញ​ ​​បាន​បំផ្លាញ​សាច់​កៅស៊ូ​លើ​ស្ពាន​​​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -