ថ្មីៗនេះមានការបង្ហោះរូបថតជាច្រើនសន្លឹងតាមបណ្តាញសង្គម Instagram ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែនៅក្នុងរូបថតនោះគេឃើញមានសុទ្ធសឹងតែជាតារាលំដាប់ពិភពលោក ទាំងតារាហូលីវូដនិង តារាប៉ែកខាងអាស៊ីមួយចំនួន ហើយក្នុងនោះគេកត់សម្គាល់ឃើញមានតារាស្រីវ័យក្មេងម្នាក់របស់ប្រទេសកម្ពុជា ក៏ បានលេចមុខក្នុងចំណោមតារាល្បីៗទាំងនោះដែរ នោះគឺកញ្ញា ព្រីម លីហ្សា ដែលប្រិយមិត្តស្គាល់យ៉ាងច្បាស់ថាជាតារាដែលនិយមប្រើរបស់មានម៉ាកល្បីៗ ។
គណនីដែលបានបង្ហោះរូបថតទាំងនោះមានឈ្មោះថា Star-fashion style ហើយគណនីមួយនេះបានរំលេចឃ្លាប្រយោគជាភាសាអង់គ្លេសនៅពីក្រោមរូបថតនោះថា The best star fashion world 2016 Actress Model Single ដែលមានន័យជាភាសាខ្មែរថា«កំពូលតារាឯកបង្ហាញម៉ូដ ឆ្នាំ ២០១៦» ។
គួរឱ្យកត់សម្គាល់ដែរថា បើទោះបីជា ព្រីម លីហ្សា កន្លងមកមិនសូវឃើញលេចវត្តមានលើទីផ្សារសិល្បៈក្នុងស្រុកគួរឱ្យចាប់អារម្មណ៍ក៏ដោយ ក៏រូបនាងផ្ទាល់តែងតែអះអាងជារឿយៗថា នាងមានទីផ្សារការងារសិល្បៈនៅឯក្រៅប្រទេសយ៉ាងកាប់កប ដែលជាហេតុធ្វើឱ្យនាងមានសមត្ថភាពប្រើប្រាស់សម្ភារទំនើបៗមានតម្លៃខ្ពស់កប់ពពក រហូតដល់មានខាងបរទេសចាត់នាងចូលជាតារាដែលមានរស់និយមខ្ពស់ ទៅលើការប្រើប្រាស់សម្ភារ និង លេងម៉ូដសម្លៀកបំពាក់ល្បីៗលំដាប់ថ្នាក់ពិភពលោកបែបនេះ ។
យ៉ាងណាយើងមិនអាចបញ្ជាក់បានថា ការលេចមុខរបស់ ព្រីម លីហ្សា នៅក្នុងចំណោមតារាបរទេសល្បីៗនេះ មិនដឹងថាជាការជ្រើសរើសនាងសម្រាប់យកទៅប្រកួតបង្ហាញម៉ូដសម្លៀកបំពាក់ដែលតំណាងឱ្យប្រទេសកម្ពុជា ឬមួយគ្រាន់តែជាការចាត់ចូលនាងក្នុងចំណោមតារាលំដាប់ពិភពលោក ដែលនិយមប្រើប្រាស់របស់ថ្លៃមានម៉ាកនោះទេ ៕