ម្ចាស់ពាន The Voice Cambodia រដូលកាលទី ១ លោក ប៊ុត សីហា បានបង្ហាញពីអារម្មណ៍មនោសញ្ចេតនាបង្កប់ពាក្យពេចន៍ស៊ីជម្រៅក្នុងនាមជាកូនកត្តញ្ញូម្នាក់ដែលគោរពស្រឡាញ់អ្នកម្ដាយ តែរឿងដែលធ្វើឱ្យលោកក្ដុកក្ដួលសោកស្ដាយនោះគឺ ការគ្មានវត្តមានឪពុកនៅគ្រាដែលលោកទទួលបានភាពជោគជ័យលើវិស័យសិល្បៈ ។
ថ្មីៗនេះ ប៊ុត សីហា បានសរសេរសារខ្លីតែបង្កប់ន័យជ្រៅបង្ហាញពីទុក្ខសោកសៅក្នុងនាមជាកូនកំព្រាឪពុក រស់ជ្រកក្រោមទ្រនំអ្នកម្ដាយដែលដើរតួជាម្ដាយផងជាឪពុកផងរៀបរាប់ឱ្យមហាជនដឹងថា «កូនស្រឡាញ់អ្នកម្តាយខ្លាំងណាស់! ហើយអគុណគ្រប់យ៉ាងដែលបានផ្តល់ឱ្យកូន និង សម្រាប់កូន និង ក្រុមគ្រួសារ! តែគួឱ្យសោកស្តាយខ្លាំងណាស់ដែលលោកឪពុក គាត់មិនបាននៅជាមួយនឹងពួកយើង ខ្ញុំនឹកពុកណាស់ » ។
គួរបញ្ជាក់ថា ការបង្ហាញពីអារម្មណ៍សោកសៅថ្លែងអំណរគុណដល់អ្នកម្ដាយតែគ្មានវត្តមានឪពុកនេះ ក៏ព្រោះតែលោកឪពុករបស់ ប៊ុត សីហា បានទទួលអនិច្ចកម្មទៅហើយដោយសារជំងឺទឹកនោមផ្អែមកាលពីប៉ុន្មានឆ្នាំមុននោះ គឺនៅកំឡុងពេលដែលលោកកំពុងចូលរួមប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើតែម្ដង ដែលជាហេតុធ្វើឱ្យឪពុករបស់លោកមិនមានឱកាសឃើញកូនប្រុសសំណព្វចិត្តរបស់ខ្លួនឡើងលើវេទិកាទទួលពានរង្វាន់នោះ ឡើយ ៕