ស្វាយរៀង ៖ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចនគរបាលខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម សម្លាប់បុរសម្នាក់នៅក្នុងកាស៊ីណូពិភពថ្មី ដោយសារជំពាក់ប្រាក់គ្មានលុយសង។
ការចុះឃាត់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្ដឹងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នៅកាស៊ីណូ ពិភពថ្មី នៅបន្ទប់លេខ៣០៣ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមាន ទី១. ឈ្មោះវិន យុំាងបិន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជីវា ឃុំឡុងវ៉ា ស្រុកយ៉ូទីម ខេត្តប៊ិនត្រែប្រទេសវៀតណាម ទី២. ឈ្មោះត្រឹង ធីញី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ២ ឃុំ សូយង៉ូ ស្រុកតឹងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ទី៣. ឈ្មោះង្វៀង ធីទៀងង៉ា ភេទស្រីអាយុ៣៣ឆ្នាំ រស់នៅភូមិខូកូ៣ ខណ្ឌ១ ខេត្តតៃនិញ ប្រទេសវៀតណាម និងទី៤.ឈ្មោះង្វៀង ធីហ៊ីវ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិ រឹងយ៉ូវ ឃុំទៀងធឺង ស្រុក បេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។
ប្រភពបន្តថា ក្រោយពីទទួលព័ត៌មានថា មានមនុស្សស្លាប់នៅក្នុងកាស៊ីណូ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងនគរបាលខេត្ត ជំនាញ ក៏បានចុះដល់កន្លែងកើតហេតុពិនិត្យសាកសពឃើញមានស្លាកស្នាមលើដងខ្លួនជាច្រើនកន្លែង។ ក្រោយពីស្រាវជ្រាវសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ជាជនជាតិវៀតណាមបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរបន្ត។ ចំណែកជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយសពនេះ ត្រូវបានយកមកទុកនៅវត្តបាវិតដើម្បីស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
- Back to Home »
- បុរសម្នាក់ ជំពាក់ប្រាក់គេគ្មានលុយសង ត្រូវគេវាយសម្លាប់នៅក្នុងកាស៊ីណូពិភពថ្មី