រដ្ឋាភិបាលអូស្រ្តាលី កាលពីថ្ងៃម្សិលមិញ បាននិយាយការពារកិច្ចព្រមព្រៀងជនភៀសខ្លួនដែលមានតម្លៃ ៥៥ លានដុល្លារអុស្ត្រាលី (៤១.៦ លានដុល្លារអាមេរិច) ជាមួយនឹងប្រទេសកម្ពុជាបន្ទាប់ពីបុរសជនភៀសខ្លួនជនជាតិមូស្លីមរ៉ូហ៊ីនយ៉ាមួយរូបដែលត្រូវបានបញ្ជូនពីកោះ Nauru បានត្អុញត្អែរប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់អូស្រ្តាលី ថា រូបគេកំពុងតែមានជម្ងឺជាទម្ងន់ និងមានការភ័យខ្លាចថា រូបគេអាចនឹងបាត់បង់ជីវិតនៅក្នុងប្រទេសកម្ពុជា។
យោងទៅតាមការឲ្យដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយ បុរសជាជនភៀសខ្លួនមានឈ្មោះ Mohammaed Rashid អាយុ ២៦ ឆ្នាំ ដែលត្រូវបានគេរាយការណ៍ថា មានជម្ងឺតម្រង់នោម និងសួតរ៉ាំរ៉ៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fairfax ថា រូបគេត្រូវបានទទួលឲ្យសម្រាកព្យាបាលនៅមន្ទីពេទ្យ ដោយទទួលបានការណែនាំឲ្យស្នាក់នៅមន្ទីរពេទ្យរយៈពេលដប់ថ្ងៃ ក៏ប៉ុន្តែគេត្រូវបានអង្គការអន្តោប្រវេសន៍អន្តរជាតិយកចេញមកវិញបន្ទាប់ពីស្នាក់នៅមន្ទីរពេទ្យបានបីថ្ងៃ។
រូបគេបាននិយាយថា៖«ខ្ញុំខ្លាចថា ខ្ញុំនឹងស្លាប់នៅទីនេះ។ គ្រប់យ៉ាងវិលវល់នៅក្នុងខួរក្បាលរបស់ខ្ញុំហាក់ដូចជាមនុស្សឆ្កួតអញ្ចឹង…ខ្ញុំមានអារម្មណ៍ថា ពុំមានសុវត្ថិភាពសោះ។ វាគឺជាកំហុសដ៏ធំមួយដែលខ្ញុំបានមកទីនេះ»។
សេចក្តីរាយការណ៍នេះបានដាក់ធ្វើឲ្យប៉ះពាល់បន្ថែមទៀតទៅលើគម្រោងតាំងទីលំនៅឲ្យជនភៀសខ្លួនរបស់រដ្ឋាភិបាលអូស្ត្រាលី បន្ទាប់ពីការវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញ របស់ជនជាតិអ៊ីរ៉ងពីរនាក់ ក្រោយពីពួកគេបានស្នាក់នៅប្រទេសកម្ពុជាអស់រយៈពេលតិចជាងពីរខែ។
Rashid បានបន្តទៀតថា រដ្ឋាភិបាលអូស្រ្តាលី ពុំបានបំពេញពាក្យសន្យាជាច្រើនរបស់ខ្លួន ហើយពាក្យសន្យានេះហើយដែលបានជម្រុញឲ្យគេសម្រេចចិត្តចាកចេញពីកោះ Nauru ជាកន្លែងដែលគេដាក់ ជនស្វែងរកសិទ្ធជ្រកកោន នៅប្រទេសអូស្រ្តាលីជាច្រើននាក់។
គេបានអះអាងទៀតថា រូបគេត្រូវបានសន្យាថា នឹងទទួលបានប្រាក់ចំនួន ៨,០០០ ដុល្លារ ក៏ប៉ុន្តែគេបានទទួលត្រឹមតែ ៤,០០០ ប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់នោះត្រូវបានគេកាត់ចំនួន ២,០០០ ដុល្លារ ដោយរូបគេត្រូវបានប្រាប់ថា យកទៅទិញម៉ូតូ ក៏ប៉ុន្តែគេពុំដែលបានសូម្បីតែឃើញម៉ូតូនោះ។
លោករដ្ឋមន្ត្រីអន្តប្រវេសន៍ និងការពារព្រំដែនអូស្រ្តាលី Peter Dutton បាននិយាយការពារពីស្ថានភាពរបស់ Rashid ក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានប្រកែកថា Rachid នៅតែបន្តទទួលបានការឧបត្ថម្ភកម្រិតខ្ពស់ ពីអង្គការអន្តោប្រវេសន៍អន្តរជាតិ។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា ក្នុងពេលឥឡូវនេះ Rachid កំពុងតែទទួលការព្យាបាល និងអាចទទួលបាននូវការធានារ៉ាបរងសុខភាបរយៈពេល ៥ឆ្នាំ ទៅមុខទៀត។
ទោះបីជាយ៉ាងណា នៅពេលដែលលោក Peter Dutton ត្រូវបានគេសួរថា ហេតុអ្វីបានជាលោកបញ្ជូនជនភៀសខ្លួនដែលមានជម្ងឺរ៉ាំរ៉ៃមកកាន់ប្រទេសដែលមានការខ្វះខាតអ្នកឯកទេសសុខាភិបាលយ៉ាងដូច្នេះ លោកបានបដិសេធមិននិយាយអ្វីបន្ថែមទៀតទាំងអស់ ហើយលោកក៏បានបដិសេធពុំធ្វើការឆ្លើយតបនឹងសំនួរដែលចោទសួរថា តើក្រសួងអន្តោប្រវេសន៍នឹងធ្វើការជម្រុញជនភៀសខ្លួនឲ្យមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាបន្តទៀតដែរឬទេ។
លោក Joe Lowry អ្នកនាំពាក្យរបស់អង្គការអន្តោប្រវេសន៍អន្តរជាតិបានបដិសេធមិនបានបញ្ចេញយោបល់លើករណីរបស់ Rashid ដោយគ្រាន់តែនិយាយថា៖«យើងគ្រាន់តែអាចផ្តល់នូវសេវាតាំងទីលំនៅថ្មី ហើយយើងជាប់ពាក់ព័ន្ធ ក៏ដោយសារតែយើងធ្វើការដោយគិតពីប្រយោជន៍របស់ជនភៀសខ្លួន»។
លោក Ian Rintoul មកពីអង្គការសម្ព័ន្ធជនភៀសខ្លួន ដែលមានទីតាំងនៅប្រទេសអូស្រ្តាលីបានអះអាងថា សុខភាពក្នុងរយៈពេលវែងរបស់ក្រុមជនភៀសខ្លួនគឺជា«រឿងចុងក្រោយដែលប្រទេសអូស្ត្រាលីធ្វើការពិចារណា»។
លោក Rintoul បាននិយាយថា៖ «រដ្ឋាភិបាល [អូស្រ្តាលី] ខ្វាយខ្វល់តែពីនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ ពួកគេពុំដែលមានការព្រួយបារម្ភពិតប្រាកដចំពោះសុខភាព និងសុខមាលភាពរបស់ជនភៀសខ្លួននោះឡើយ»។
លោកបានបន្តទៀតថា៖«តាមការពិត ប្រទេសទីបី [កម្ពុជា និង Nauru] សូម្បីតែក្នុងការរក្សាស្តង់ដារនៃជីវភាពរស់នៅរបស់ប្រជាជនរបស់ខ្លួន ក៏មានបញ្ហាទៅហើយ។ ការសុំឲ្យពួកគេសម្តែងការប្តេជ្ញាចិត្តចំពោះការគាំទ្រសិទ្ធមនុស្ស គ្រាន់តែជាការដោះដូរនឹងទឹកប្រាក់តែប៉ុណ្ណោះ»៕