សិល្បៈ៖ តារាសម្ដែងផលិតកម្ម អឹម លោក សន វិជ្ជបុត្រ បានចេញសម្ដែងនៅប្រទេសអូស្ត្រាលីមានរយៈពេលជាងពីរសប្ដាហ៍មកហើយ ជាមួយគ្នានេះលោកបានផ្ញើសារតាមរយៈ Facebook មកថា ការសម្ដែងរបស់លោក និងក្រុមការងារលោកទទួលបានជោគជ័យខ្លាំង ព្រោះមានបងប្អូនខ្មែរចូលទិញសំបុត្រទស្សនាច្រើនមិនដែលសល់កៅអីឡើយ។ ទន្ទឹមការបង្ហាញឱ្យឃើញពីភាពជោគជ័យនេះ ងាកមកមើលនៅក្នុង Facebook របស់លោកវិញនោះ តារាចម្រៀងចិត្តធម៌រូបនេះបាននែបនិត្យជាមួយនារីៗអាណិកជនខ្មែរអូស្ត្រាលីជាច្រើននាក់ រហូតមានព័ត៌មានថា នារីដែលមានវត្តមាននែបនិត្យជាមួយលោកនេះ គឺជាអ្នកមានទ្រព្យស្តុក និងចង់បានលោកធ្វើជាគូអនាគតថែមទៀតផង។
សម្រាប់ដំណឹងនារីអ្នកមានទ្រព្យប្រមាញ់បេះដូងនេះ លោក សន វិជ្ជបុត្រ ក៏បានប្រាប់ថា លោកមិនលាក់បាំងទេ ដំណើរការចេញសម្ដែងនៅប្រទេសអូស្ត្រាលីលើកនេះ ក្រៅពីភាពជោគជ័យ ក៏មាននារីៗអាណិកជនគាត់ស្រឡាញ់រាប់អានលោកច្រើននាក់ រហូតមានអ្នកខ្លះគាត់ស្រឡាញ់ធ្វើជាគូអនាគតក៏មានដែរ ប៉ុន្តែសម្រាប់លោកមិនទាន់ហ៊ានឆ្លើយតបយ៉ាងណាទេ ព្រោះលោកក៏មិនទាន់គិតដល់រឿងអនាគតនៅឡើយ ដោយសារពេលនេះលោកនៅមានការងារច្រើនមិនទាន់បានធ្វើនៅឡើយ។តែទោះជាយ៉ាងណាតារារូបនេះ បានបញ្ជាក់ថា លោកសូមអគុណដល់ពួកគាត់ដែលមានចិត្តអាណិតស្រឡាញ់លោក ជាអ្នកសិល្បៈមួយរូបដែលបានស្វែងរកថវិកា ដើម្បីយកមកចាត់ចែងធ្វើកម្មវិធីមនុស្សធម៌សម្រាប់ជួយដល់ពលរដ្ឋខ្មែរអ្នកទីទាល់ក្រ៕