ភ្នំពេញ ៖ កញ្ញា វណ្ណ វល័ក្ខ គឺជាតារាសម្ដែងស្រីមួយដួង ដែលមានការគាំទ្រច្រើនគួរសមពីសំណាក់ទស្សនិកជនពិសេស ពីសំណាក់ស្រទាប់មិត្តៗយុវវ័យហើយ នាងក៏ជាតារាស្រីដែលធ្លាប់ទទួលរងនូវព្យុះភ្លៀងព័ត៌មានអាស្រូវច្រើនគួរសមផងដែរទៅលើការលេងស្តាយខ្លួន ស្លៀកពាក់បញ្ចេញភាពសិចស៊ី និងរឿងរ៉ាវស្នេហាក្រៅឆាក។
ថ្វីត្បិតតែតារាស្រីកញ្ញា វណ្ណ វល័ក្ខ តែងជួបប្រទះ និងទទួលរងនូវរឿងរ៉ាវអាស្រូវជាច្រើនយ៉ាងបែបនេះក៏ពិតមែន តែការគាំទ្រ និងប្រជាប្រិយភាពលេចធ្លោលើទីផ្សាររបស់នាង ហាក់ពុំបានបាក់ស្រុតចុះអន់ថតនោះឡើង។ ផ្ទុយទៅវិញក្នុងរយៈ១ឆ្នាំចុងក្រោយនេះកញ្ញា វណ្ណ វល័ក្ខ បែរជាមានយីអ៊ុនឡើងខ្ពស់ស្រឺតៗដូចជាកាំជណ្ដើរទៅវិញ ស្របពេលទីផ្សារសម្ដែងរបស់នាងបច្ចុប្បន្នក៏កំពុងមានភាពលេចធ្លោជាងមុនហើយចំណែកឯជីវិតរស់នៅឯកជនផ្ទាល់ខ្លួនខាងក្រៅ ក៏កាន់តែមានភាពហ៊ឺហាខ្លាំងផងដែរនោះ។
ស្របពេលជាមួយគ្នានេះតារាសម្ដែងស្រីល្បីឈ្មោះខាងបញ្ចេញដើមទ្រូងគូឲ្យក្នាញ់កញ្ញា វណ្ណ វល័ក្ខ ក៏មានយីអ៊ុនខ្ពស់ ហើយកំពុងរីកមុខដូចគ្រាប់ជី ខណៈថ្មីៗនេះនាងទើបប្ដូរមកជិះរថយន្តស៊េរីថ្មីម៉ា Lexus ៣៣០ តម្លៃជាង៣ម៉ឺនដុល្លារមួយគ្រឿងដែលគេសង្ស័យថា អាចជាកាដូផ្គាប់ចិត្តពីសំណាក់បុរសកំណាន់ចិត្តណាម្នាក់ប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនារសៀលម៉ោង ៤ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦តារាសម្ដែងស្រីកញ្ញា វណ្ណ វល័ក្ខ បាននិយាយថា នាងពិតជាបានប្ដូររថយន្តចាស់ចោល និងទិញបានរថស៊េរីថ្មីម៉ាកLexus ៣៣០ ពណ៌សតម្លៃជាង៣ម៉ឺនដុល្លារមែន។ ប៉ុន្តែសម្រាប់លុយដែលនាងចំណាយលើការទិញរថយន្តថ្មីនេះគឺពុំមានពាក់ព័ន្ធជាមួយនឹងការ ដូរឬការជួយឧបត្ថម្ភពីបុរសណាម្នាក់នោះឡើងវាជាលុយផ្ទាល់ខ្លួនដែលសន្សំបានពីការងារសិល្បៈតែប៉ុណ្ណោះ។
តារាសម្ដែងស្រីកញ្ញា វណ្ណ វល័ក្ខ បាននិយាយបន្តទៀតថា ចាស បង ! រថយន្ត Lexus ៣៣០ ដែលខ្ញុំទើបនិងទិញបានថ្មីៗនេះគឺពុំមែនជាការដូរជួយឧបត្ថម្ភពីបុរសណាម្នាក់នោះឡើយ។ ចំណែករឿងដែលគេសង្ស័យថា ឡាញនេះជាការដូរលួងចិត្តពីសំណាក់បុរសកំណាន់ចិត្តទិញឲ្យសម្រាប់ខ្ញុំនោះគឺមិនមែនជាការពិតដូចគេនិយាយនោះឡើយព្រោះលុយដែលខ្ញុំយកទៅចំណាយទិញឡានថ្មីនេះវាសុទ្ធសឹងតែលុយផ្ទាល់ខ្លួន ដែលសន្សំបានពីការងារសិល្បៈទាំងអស់។
កញ្ញា វណ្ណ វល័ក្ខ បានបន្ថែមថា គិតរហូតមកទល់ពេលនេះ នាងទិញបានមានរយៈពេល១ខែមកហើយដោយបានប្តូរពីរថយន្តម៉ាក Highlander មកជិះរថយន្ត Lexus ៣៣០ស៊េរីឆ្នាំ២០០៤។ រថយន្តថ្មី Lexus ៣៣០ ដែលនាងទើបទិញថ្មីនេះត្រូវចំណាយអស់លុយរហូត៣៥,០០០ដុល្លារឯណោះវាជាលុយដែលសន្សំបានពីសិល្បៈបូករួមជាមួយលុយ ដែលនាងលក់រថយន្តចាស់បានជាង១ម៉ឺនដុល្លារផងដែរ៕