សិល្បៈ៖ ​លោក Phap ​គឺ​ជា​តារា​សម្ដែង​ម្នាក់​ទុក​សក់​វែង ​ដែល​កម្រ​មាន​តារា​រូប​ណា​លេង​ស្តាយ៍​ដូច​លោក​ណាស់​។ ​មូលហេតុ​នៃ​ការ​លេង​ស្តាយ៍​សក់​វែង​នេះ Phap ​ក៏​មិន​ដែល​បាន​ប្រាប់​ពី​មុន​មក​ឡើយ ​ទើបតែ​នៅ​ពេល​នេះ​ លោក​បាន​ចេញ​សារ​នៅ​លើក​ហ្វេសប៊ុក​ប្រាប់​មូលហេតុ​ថា ​“ថ្ងៃ​នេះ​លោក​សុំ​និយាយ​រឿង​ក្នុង​ចិត្ត​ថា​ មូលហេតុ​ដែល​លោក​ទុក​សក់​វែង ​ព្រោះ​លោក​សង្ឃឹម​ថា ​នៅ​ថ្ងៃ​ណា​មួយ​ ប្រទេស​ខ្មែរ​នឹង​មាន​ថត​រឿង​អង្គុលីមារ និង​រឿង ​ឃុនឆាង ឃុនថែន ​ឡើង​វិញ ​​ដើម្បី​ឱ្យ​កូន​ខ្មែរ​បាន​យល់ ​និង​បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​”​។

ស្រប​គ្នា​នឹង​ការ​បញ្ចេញ​សារ​នេះ​ពេល​អ្នកយកព័ត៌មាន​ Kqube.NET ​សួរ​នាំ​បន្ថែម​លោក Phap ​បាន​ប្រាប់​ថា ​មូលហេតុ​ដែល​លោក​ទុក​សក់​វែង​ដូច្នេះ ​ក្រៅ​ពី​មាន​បំណង​ដូច​លោក​បញ្ជាក់​ក្នុង​សារ​ខាង​លើ​ លោក​ក៏​មាន​គម្រោង​កាត់​ចេញ​ដែរ​ ប៉ុន្តែ​ការ​កាត់​សក់​របស់​លោក​នេះ ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ហេតុផល​មួយ ​គឺ​កាត់​នៅ​ពេល​អាជីព​សិល្បៈ​របស់​លោក​ទទួល​បាន​ជោគជ័យ​ខ្លាំង ​ហើយ​ពេល​ដែល​លោក​កាត់​សក់ ​គឺ​កោរ​បួស​ជា​ព្រះសង្ឃ​សង​គុណ​ឪពុក​ម្ដាយ​តែ​ម្ដង​។ ​ប៉ុន្តែ​ពេល​វេលា​នោះ​លោក Phap ​មិន​ទាន់​បញ្ជាក់​ច្បាស់​ទេ ​ដោយ​លោក​សំអាង​ថា ​នៅ​ពេល​នេះ​ប្រជាប្រិយភាព​របស់​លោក​នៅ​មិន​ទាន់​ល្បី​ដល់​កម្រិត​ដែល​លោក​ស្កប់​ចិត្ត​នៅ​ឡើយ​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -