ហោរាសាស្ត្រដ៏ល្បីបង្ហើបប្រាប់នូវឆ្នាំទាំង៤ ដែលរាសីដាក់ខ្លាំងនៅក្នុងសង្ក្រាន្តឆ្នាំវកនេះ!(មានវីដេអូ)
រាជធានីភ្នំពេញ៖ នៅក្នុងមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ គ្រិស្តសករាជ ២០១៦ ដែលនឹងចូលមកនៅថ្ងៃ ពុធ ៧កើត ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា វេលាម៉ោង ២០ និង ០០នាទីខាងមុខនេះ តាមទំនាយនៃវិជ្ជាហោរាសាស្ត្រគុណគូរឃើញថា មានឆ្នាំចំនួន៤ ដែលត្រូវរាសីដាក់ខ្លាំងជាងឆ្នាំណាៗទាំងអស់ ដែលតម្រូវឲ្យធ្វើពិធីរំដោះគ្រោះចេញ ដើម្បីសុំសេចក្ដីសុខសប្បាយ និងលាភយសមកវិញ។
ឯកឧត្ដម អឹម បុរិន្ទ អគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ (ហោរាសាស្ត្រល្បីឈ្មោះទី១នៅកម្ពុជា) បានថ្លែងប្រាប់គេហទំព័រព័ត៌មាន Kqub.net ឲ្យបានដឹងថា នៅក្នុងមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវកនេះ មានឆ្នាំដែលរាសីដាក់ខ្លាំងជាងគេចំនួន៤ ទី១-ឆ្នាំវក ២-ឆ្នាំម្សាញ់ ៣-ឆ្នាំករ ទី៤-ឆ្នាំខាល ហើយក្នុងឆ្នាំទាំង៤នេះ ឆ្នាំដែលរាសីដាក់ខ្លាំងជាងគេ គឺឆ្នាំខាលតែម្ដង។
លោកបានបន្តថា អ្នកដែលកើតនៅក្នុងឆ្នាំទាំងបួនខាងលើ សូមធ្វើដំណើរទៅណាមកណា ប្រកដដោយការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានចំពោះខ្លួន ដោយយថាហេតុ ព្រោះមនុស្សកើតក្នុងឆ្នាំទាំងនោះ សូម្បីតែសេចក្ដីស្នេហា ឬការប្រកបមុខរបររកស៊ីផ្សេងៗ គឺមានការប្រឈមខ្លាំង ដោយអាចនឹងមានការខាតបង់ ឬបែកបាក់គ្នាផងដែរ។ ចំពោះការងារ ក៏មិនសូវមានការរីកចម្រើនដែរ ព្រោះឆ្នាំទាំងនេះ មានការជួបបញ្ហាច្រើនជាអន្លើៗ។
ជាមួយគ្នានឹងការបង្ហើបប្រាប់នៅឆ្នាំទាំង៤ ដែលមានរាសីស្រុតចុះខ្លាំងនេះដែរ ឯកឧត្ដម អឹម បុរិន្ទ ក៏បានទម្លាយប្រាប់អំពីអភូតហេតុផ្សេងៗ ដែលនឹងកើតមានក្នុងឆ្នាំនេះថា តាមទំនាយនៃថ្ងៃសង្ក្រាន្តឆ្នាំវកនេះ គឺចំពោះព្រះមហាក្សត្រ ព្រះអង្គទ្រង់មានព្រះតេជានុភាពល្អប្រសើរណាស់ ហើយអាចនឹងទទួលបាននូវបណ្ដាការ ឬកិត្តិសព្ទពីបណ្ដាប្រទេសផ្សេងៗថែមទៀត ប៉ុន្តែដោយឡែក សម្រាប់កុមារតូចៗ និងសត្វចិញ្ចឹមវិញ គឺមិនសូវល្អទេ ព្រោះមានជំងឺកើតឡើងច្រើន។
គួររម្លឹកថា ចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំនេះ មានរហូតដល់ចំនួន៤ថ្ងៃឯណោះ ដែលមានលក្ខណៈខុសគ្នា អំពីឆ្នាំមុនៗ ហើយត្រង់ចំណុចនេះដែរ លោកគ្រូហោរាសាស្ត្ររូបនេះ ក៏បានពន្យល់ថា ការចូលឆ្នាំមានចំនួន ៤ថ្ងៃនេះមិនមានអ្វីចម្លែកនោះទេ ហើយក្នុងរយៈពេលបួនដប់ឆ្នាំមុន ក៏ធ្លាប់មានការចូលឆ្នាំចំនួន៤ថ្ងៃដូចគ្នា នឹងការចូលឆ្នាំ២០១៦នេះដែរ ព្រោះតាមក្បួនវិជ្ជាហោរាសាស្ត្រ ដែលគុណគូរជើងលេខ នៃការរាប់ថ្ងៃខែឆ្នាំបូកចូលគ្នាទៅ គឺត្រូវឃើញបែបនេះ។
ដើម្បីទទួលជ្រាបអំពីព័ត៌មាននេះ កាន់តែច្បាស់នោះ សូមអញ្ជើញទស្សនិកជន ចុចទស្សនាវីដេអូ កិច្ចសន្ទនា រវាងលោក ចេង ចំរើន ភ្នាក់ងារព័ត៌មានគេហទំព័រ Kqube.net នឹង ឯកឧត្ដម អឹម បុរិន្ទ ដែលបង្ហាញជូននៅខាងក្រោមនេះ ដោយមានសំនួរផ្សេងៗជាច្រើនទៀត ដែលលោកពិធីករបានចោទសួរ ហើយក្នុងនោះ ឯកឧត្ដមរូបនេះ ក៏តបវិញយ៉ាងក្បោះក្បាយ សម្រាប់ចែករំលែកជូនបងប្អូនប្រិយមិត្ត ជនរួមជាតិទាំងអស់ ស្ដាប់ កត់ត្រាទុកជាចំណេះដឹង ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ និងសម្រាប់ជាសេចក្ដីសុខសម្រុងចម្រើន ដល់ក្រុមគ្រួសារអស់លោកអ្នកផងដែរ៖
- Back to Home »
- ហោរាសាស្ត្រដ៏ល្បីបង្ហើបប្រាប់នូវឆ្នាំទាំង៤ ដែលរាសីដាក់ខ្លាំងនៅក្នុងសង្ក្រាន្តឆ្នាំវកនេះ!(មានវីដេអូ)