ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​បិទ​បណ្ដាញ​ Facebook, Twitter និង​ YouTube រួម​ទាំង​វិបសាយ​​មួយ​ចំនួន​របស់​កូរ៉េ​ខាង​ត្បូង​ ដើម្បី​គ្រប់​គ្រង​កុំ​ឲ្យ​ព័ត៌មាន​ផ្ទៃ​ក្នុង​របស់​ខ្លួន​​លេច​ឮ​ទៅ​ខាង​ក្រៅ។

ការ​ប្រកាស​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​​ចេញ​ផ្សាយ​ទៅ​ដល់​​ក្រុមហ៊ុន​សេវា​ទូរសព្ទ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ រួម​ទាំង​​បណ្ដា​ហាង​ដែល​បម្រើ​អ៊ីនធឺណិត​ដល់​អ្នក​ប្រើ​ប្រាស់​ មាន​ទីតាំង​​នៅ​ក្នុង​​ទីក្រុង​ព្យុងយ៉ាង។ គួរ​រំលឹក​ថា ​មាន​ប្រជាជន​កូរ៉េ​​ខាង​ជើង​តិច​ណាស់​ដែល​មាន​​អ៊ីនធឺណិត​ប្រើ​ប្រាស់​ ហើយ​បើ​មាន​ក៏​ស្ថិត​នៅ​ក្រោម​​ការ​ត្រួត​ពិនិត្យ​ដ៏​តឹង​រឹង​ពី​រដ្ឋាភិបាល។គោលការណ៍​នៃ​ការ​បិទ​ប្រព័ន្ធ​​បណ្ដាញ​​ទំនាក់ទំនង​ទាំង​នេះ​​នឹង​ធ្វើ​ឲ្យ​ជន​បរទេស​ដែល​ចូល​មក​កាន់​ទឹក​ដី​របស់​ខ្លួន​ ឬ​សហគមន៍​បរទេស​ប្រចាំ​នៅ​កូរ៉េ​ខាង​ជើង​ ពិបាក​ក្នុង​ការ​បង្ហោះ​ព័ត៌មាន​ផ្ទៃ​ក្នុង​របស់​ប្រទេស​​ទៅ​កាន់​ពិភព​ខាង​ក្រៅ។

 ការ​ប្រកាស​ដែល​ធ្វើ​ជា​ផ្លូវ​ការ​នេះ​ក៏​បាន​បន្ថែម​ដែរ​ថា​ជន​ណា​ដែល​ព្យាយាម​ hack ​ចូល​ទៅ​កាន់​​ប្រព័ន្ធ​បណ្ដាញ​ ឬ​វិបសាយ​ដែល​បាន​បិទ​នោះ​នឹង​ស្ថិត​ក្រោម​ការ​ពិន័យ​របស់​ច្បាប់​ប្រទេស។ គេ​មិន​បាន​បញ្ជាក់​ទេ​ថា​ការ​ពិន័យ​នឹង​​ធ្វើ​ឡើងរបៀប​ណា៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -